(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្នើប្រជាពលរដ្ឋ និងព្រះសង្ឃទាំងអស់រួមគ្នាថែរក្សាសាសនាឱ្យបានល្អ និងសាបព្រួសចំណេះដឹងជូនដល់កូនចៅជំនាន់ក្រោយៗ ហើយពេលណាដែលអាណាចក្រ ទទួលបានសន្តិភាព ការអភិវឌ្ឍរុងរឿង នោះពុទ្ធចក្រក៏នឹងទទួលបាននូវការអភិវឌ្ឍផងដែរ។
ថ្លែងទៅកាន់ប្រជាពុទ្ធបរិស័ទ្ធ ក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងវត្តចំនួនពីរក្នុងស្រុកឈូក គឺវត្តព្រះរតនត្រ័យ (ហៅវត្តឋានសួគ៌) ស្ថិតនៅក្នុងឃុំនារាយ៍ និងវត្តអង្គចៅពញ្ញា ស្ថិតក្នុងឃុំសត្វពង នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ដែលចូលរួមពីសំណាក់លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត ព្រមទាំងសហការី និងមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ជាច្រើននាក់។
លោកអភិបាលខេត្ត បានបន្តលើកឡើងថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជានៅសល់តែគំនរផេះផង់ទេ មិនមានវត្តអារាមជាទីសក្ការៈសម្រាប់ប្រជាពលរដ្ឋគោរពបូជា និងធ្វើបុណ្យតាមទំនៀមទំលាប់ ព្រះពុទ្ធសាសនា នោះឡើយ។ តែក្រោយពីទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការរីកចម្រើន យ៉ាងឆាប់រហ័ស ហើយវិស័យពុទ្ធចក្រ ក៏ត្រូវបានអភិវឌ្ឍន៍ និងកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ សម្រាប់ប្រជាពុទ្ធបរិស័ទ្ធគោរពប្រណិបត្តិ ទាំងអស់នេះហើយបានបង្ហាញឱ្យឃើញថា កាលណាវិស័យអាណាចក្ររីកចម្រើនរុងរឿង នោះវិស័យពុទ្ធចក្រក៏រីកចម្រើនរុងរឿងដូចគ្នាផងដែរ។
លោកអភិបាលខេត្ត ក៏បានរំលឹកអំពីអតីតកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសម័យកាលនោះ គឺជាសម័យកាលដ៏ខ្មៅងងឹតដែលដឹកនាំដោយពួក ទមិឡ ហើយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុង ប្រទេសទាំងអស់ ទីវត្តអារាមដែលធ្លាប់មាន បានត្រូវក្លាយទៅជាទីតាំងដាក់ជី ដាក់សត្វពាហនៈ ជាកន្លែងឃុំឃាំងមនុស្ស កន្លែងធ្វើទារុណកម្មមនុស្ស ហើយវិស័យព្រះពុទ្ធសាសនា ត្រូវបានបំផ្លាញចោលទាំងស្រុង។ តែមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសយើងមានសុខសន្តិភាព មានការអភិវឌ្ឍ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ហើយប្រជាពលរដ្ឋមានសិទ្ធសេរីភាពគ្រប់គ្រាន់ក្នុងការគោរពប្រណិបត្តិព្រះពុទ្ធសាសនា រួមទាំងសាសនាដ៏ទៃផ្សេងទៀតទៅតាមសិទ្ធរបស់ខ្លួន។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងព្រះសង្ឃទាំងអស់ក្នុងខេត្ត ដែលបានទៅចូលរួមបោះឆ្នោតបានយ៉ាងច្រើន ហើយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះយ៉ាងត្រជះត្រចង់ ទាំងអស់នេះបានបង្ហាញឱ្យឃើញពីការតបគុណ សងគុណរបស់ប្រជាពលរដ្ឋ និងព្រះសង្ឃទាំងអស់ក្នងខេត្តកំពត ចំពោះអ្នកដែលមានគុណក្នុងការស្វែងរកសុខសន្តិភាពជូនជាតិ និងប្រជាជន។
នាឱកាសនោះ លោកអភិបាលខេត្តកំពត និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ព្រមទាំងអ្នកពាក់ព័ន្ធ បាននាំនូវទេយ្យទាន យកទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា ក្នុងស្រុកឈូក ទាំងពីរវត្តខាងលើ ក្នុងមួយវត្តៗទទួលបាន ទេយ្យទានរបស់ លោកអភិបាលខេត្ត រួមមាន៖ ទានចំណាំព្រះវស្សា ១គូ, ទឹកបរិសុទ្ធ ៥កេស, ទឹកផ្លែឈើ ៥កេស, ទឹកដោះគោ ១កេស, ត្រីខ ១កេស, អង្ករ ១០០គីឡូក្រាម និងបច្ច័យចំនួន ៥០ម៉ឺនរៀល។ ទេយ្យទានរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ រួមមាន៖ ទានចំណាំព្រះវស្សា ១គូ, ទឹកបរិសុទ្ធ ៥កេស, ទឹកផ្លែឈើ ៥កេស, ការហ្វេ ២កញ្ចប់ធំ, ត្រីខ ១កេស, អង្ករ ១០០គីឡូក្រាម និងបច្ច័យចំនួន ២០ម៉ឺនរៀល រួមនឹងគ្រឿងឧបភោគបរិភោគជាច្រើនទៀតផងដែរ៕