(ភ្នំពេញ)៖ លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ បានផ្ញើសារអបអរសាទរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។

នេះបើយោងគេហទំព័រក្រសួងការបរទេសសឹង្ហបុរី ចេញផ្សាយនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។

លោក លី ស៊ានឡុង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា​ នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣នេះ។ លទ្ធផលបោះឆ្នោតសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីការបន្តគាំទ្រចំពោះភាពជាអ្នកដឹកនាំ និងចក្ខុវិស័យរបស់ សម្តេចនាយករដ្ឋមន្រ្តី សម្រាប់អនាគតរបស់​ប្រទេសកម្ពុជា។ សូមសម្តេចទទួលយកការជូនពរដ៏ល្អបវរពីខ្ញុំ ស្របពេលដែលសម្តេចសម្រេចចាកចេញពីតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា»

បើតាមលោក លី ស៊ានឡុង សម្តេចតេជោ គឺជាមេដឹកនាំកាន់អំណាចបានយូរបំផុតម្នាក់នៅលើពិភពលោក ដែលបានដឹកនាំនាវាកម្ពុជាពុះពារឆ្លងកាត់ពេលវេលាដ៏លំបាក និងមិនធ្លាប់​ជួប​ប្រទះពីមុនមក។ សម្តេចតេជោ បានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងខ្លាំង ដើម្បីនាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជូនដល់ប្រជាជន​កម្ពុជា។ ក្នុងពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ សម្តេចបានដឹកនាំដោយជោគជ័យនូវភាពជាប្រធានប្តូរវេនរបស់អាស៊ានកាលពីឆ្នាំ២០២២ និង​ការរៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូងបង្អស់ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ នេះផ្ទាល់។

លោក លី ស៊ានឡុង បន្តថា «សិង្ហបុរី និងកម្ពុជា មានទំនាក់ទំនងជាមិត្តភាព និងយូរអង្វែងជាមួយគ្នា ហើយខ្ញុំសូមអរគុណសម្រាប់ការគាំទ្រដ៏រឹងមាំរបស់សម្តេច សម្រាប់ការពង្រឹង​ចំណង ទ្វេភាគីឱ្យកាន់តែរឹងមាំ។ សម្រាប់កិច្ចសហប្រតិបត្តិការរបស់យើង គឺបានរីកដុះដាលនៅតាមវិស័យយ៉ាងទូលំទូលាយជាច្រើន មកទល់នឹងពេលបច្ចុប្បន្ន។ រីឯការធ្វើពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសយើង គឺកំពុងបន្តរីកចម្រើនទៅមុខ ហើយពួកយើងកំពុងរួមសហការនៅក្នុងវិស័យថ្មីៗទៀតផងដែរ ដូចជាក្រេឌីតកាបូន និងការនាំចេញថាមពលកកើតឡើងវិញ ជាដើម»

លោក លី ស៊ានឡុង បានឲ្យដឹងទៀតថា ក្រុមការងារលោក និងរូបលោកផ្ទាល់ ទន្ទឹងរង់ចាំបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្តេច ក៏ដូចជាជាមួយនាយករដ្ឋមន្រ្តីថ្មី គឺឯកឧត្ដម ហ៊ុន ម៉ាណែត ដើម្បីជំរុញ ឱ្យភាពជាដៃគូរបស់យើង កាន់តែស៉ីជម្រៅខ្លាំងថែមទៀត។ ជាចុងក្រោយ លោកសូមជូនពរសម្តេចឱ្យបន្តមានសុខភាពល្អ និងទទួលជោគជ័យក្នុងការងារផ្សេងៗ៕