(ភ្នំពេញ)៖ មន្រ្តីនគរបាលជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន រហូតមកដល់ល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ បាននិងកំពុងជជីកសួរនាំ យ៉ាងខ្លាំងទៅលើមេក្លោងជួញដូរ គ្រឿងញៀនជនជាតិថៃដ៏ធំ បន្ទាប់ពីកម្លាំងនគរបាលចាប់ខ្លួន កាលពីម្សិលមិញ ដោយធ្វើការរឹបអូសគ្រឿងញៀនជិត ២០គីឡូក្រាម ដែលជាចំនួនដ៏ច្រើនលើសលប់។
លោកឧត្តមសេនីយ៍ត្រី សាន សុទ្ធី នាយរងមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា «មកដល់ល្ងាចថ្ងៃនេះយើងកំពុងសួរនាំជនល្មើសនៅឡើយ ហើយនៅថ្ងៃស្អែក អាចនឹងធ្វើការសន្និសីទកាសែត បង្ហាញមុខមុនបញ្ជូនទៅកាន់តុលាការ»។
សូមបញ្ជាក់ថា កាលពីម្សិលមិញ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បាននាំខ្លួនមេក្លោងដ៏ធំ ជួញដូរគ្រឿងជនជាតិថៃម្នាក់ ទៅឆែកឆេរដល់ផ្ទះស្នាក់នៅ ដោយហូតបានថ្នាំញៀន ដ៏ច្រើនចំនួនជិត ២០គីឡូក្រាម។ ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅម៉ោង១៨៖០០ល្ងាច ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ នាចំណុចផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ជនល្មើសម្នាក់ ឈ្មោះ ឆៃ យ៉ាភុងភិសៃផាន់ ជនជាតិថៃ ភេទប្រុស អាយុ ៥២ឆ្នាំ រឹបអូសបានថ្នាំញៀនប្រភេទ ម៉េតំហ្វេតាមីន ទឹកកកទម្ងន់៣គីឡូក្រាម។
លោកបានបន្តទៀតថា នៅវេលាម៉ោង ១៧៖៣០ ល្ងាចនាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ កម្លាំងជំនាញមន្ទីរ (ក៥) បានបន្ដទៅឆែកឆេរលំនៅដ្ឋាន របស់ជនសង្ស័យខាងលើ ដែលបានជួលផ្ទះលេខ៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រកឃើញម្សៅសង្ស័យហេរ៉ូអ៊ីន២ដុំ ប្រហែល៦៦០ក្រាម, ម្សៅក្រាមសង្ស័យ ICE ៩ដុំ ប្រហែល ៦គីឡូក្រាម, ថ្នាំគ្រាប់ wy ៩ដុំ ប្រហែល៥២០០០គ្រាប់ និងរថយន្ដ ០២គ្រឿង។ សរុបគ្រឿងញៀនដែលរឹបអូស បានទាំង៣ប្រភេទមាន ទម្ងន់ប្រមាណជិត២០គីឡូក្រាម៕