(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ក្រសួងអប់រំបាន ចំណាយថវិកាចំនួន ១៤ពាន់លានរៀល ឬប្រមាណ៤លានដុល្លារអាមេរិក សម្រាប់ដំណើរការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំ២០១៦នេះ ដែលមានសិស្សចូលរួមប្រឡងជាង៩ម៉ឺននាក់។
ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បានឱ្យដឹងថា ក្នុងដំណើរប្រឡងបាក់ឌុបនេះ ក្រសួងអប់រំបានដាក់បុគ្គលិក ធ្វើការត្រួតពិនិត្យជាច្រើនម៉ឺននាក់ ក្នុងនោះសម្រាប់ដំណើរការសំណេរ មានចំនួនជិត១៣,០០០នាក់ និងក្នុងដំណើរការកំណែមានចំនួន១១,៥០០នាក់ រាប់ទាំងប្រធានមណ្ឌល គណៈមេប្រយោគ អនុរក្ស អ្នកត្រួតពិនិត្យផងដែរ។
លោករដ្ឋមន្រ្តីបន្តថា នៅទូទៅប្រទេសកម្ពុជា មណ្ឌលដែលត្រូវដាក់ឱ្យដំណើរការប្រឡងនេះ មានចំនួន១៥៥មណ្ឌល ហើយឈ្មោះបេក្ខជនប្រឡង មានចំនួន៩៣,៧០០នាក់ ក្នុងនោះមានសិស្សប្រឡងស្វ័យរិនចំនួន២៥ភាគរយ ប្រហែល២៥,០០០នាក់។
លោកថា «ក្រសួងអប់រំ បានចំណាយថវិកាចំនួន១៤ពាន់លានរៀល ស្នើនឹងប្រមាណ៤លានដុល្លារអាមេរិក ដែលសិស្សម្នាក់ក្រសួងត្រូវចំណាយ១៤ម៉ឺនរៀល»។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បានបញ្ជាក់ថា ដំណើរការប្រឡងនេះ ក្រសួងអប់រំបានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដាក់ឱ្យមានអ្នកត្រួតពិនិត្យ អ្នកសង្កេតការណ៍ ពី១០-២០នាក់ក្នុងមួយមណ្ឌល និងបានសហការជាមួយក្រសួងមហាផ្ទៃ ដាក់ឱ្យមានកងកម្លាំងនគរបាល ដើម្បីការពារសណ្ដាប់ធ្នាប់ពី៥-១០នាក់ ទៅតាមមណ្ឌលតូច ឬក៏មណ្ឌលធំ៕