(ប៉ៃលិន)៖ ក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្រ្គោះបន្ទាន់ របស់លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជាដ៏សកម្ម ប្រចាំមណ្ឌលប៉ៃលិន បានជួបសួរសុខទុក្ខ លោកយាយ លោកតាចាស់ ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ចំនួន១៦០នាក់ ដែលអញ្ជើញ មកទទួលប្រាក់ឧបត្ថម្ភ ប្រចាំខែសីហា ឆ្នាំ ២០១៦ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦។

ក្នុងឱកាសនោះដែរ ក្រុមការងារបាននាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក អ៉ី ឈាន និងលោកស្រី បាន ស្រីមុំ ជូនចំពោះលោកយាយ លោកតា ទាំងអស់ ដោយសូមឲ្យលោកយាយ លោកតាទាំងអស់ ថែរទាំសុខភាពជាប្រចាំ ដោយទទួលទានចំណីអាហារមានអនាម័យ បរិភោគទឹកឆ្អិនដើម្បី មានសុខភាពរឹងមាំ គេចផុតពីជំងឺដង្កាត់ផ្សេងៗ និងសូមជូនពរឲ្យលោកយាយ លោកតាទាំងអស់ មានសុខភាពល្អ និងមានអាយុយឺនយូរទាំងអស់គ្នាផងដែរ។

គិតមកដល់ពេលនេះ គឺមានរយៈពេល ៥ឆ្នាំមកហើយដែលលោក អ៊ី ឈាន ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និងលោកស្រី អ្នកតំណាងរាស្រ្ត បានរៀបចំកម្មវិធីជួយដល់ចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន គឺចាប់តាំងពីឆ្នាំ២០១១មកម្ល៉េះ ដោយមិនបានសន្យា ទុកជាមុនឡើយ ដោយកំណត់យកថ្ងៃទី០៣ នៃខែនីមួយៗ លោកស្រី បាន ស្រីមុំ បានផ្តល់ប្រាក់ឧបត្ថម្ភជូនដល់លោកយាយ លោកតាទាំងអស់។

មូលនិធិនេះ គឺជាផ្នែកមួយក្នុងសកម្មភាពមនុស្សធម៌ជាច្រើនទៀត ដែលលោក និងលោកស្រី បានចំណាយធនធានផ្ទាល់ខ្លួន ក្នុងការជួយដល់បងប្អូន ប្រជាពលរដ្ឋក្នុងខេត្ត ដែលជាជនងាយរងគ្រោះ ជនរងគ្រោះ ចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា ដើម្បីរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលក៏ដូចជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន ក្នុងការគិតគូរដោះស្រាយរាល់ ការលំបាករបស់បងប្អូន ប្រជាពលរដ្ឋ ពិសេស លោកយាយ លោកតាចាស់ ជរាគ្មាន ទីពឹង ដែលពុំមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចេញទៅប្រកបមុខរបរចិញ្ចឹមជីវិត បានដោយខ្លួនឯង។

សូមបញ្ជាក់ថា លោកយាយ លោកតាទាំង១៦០នាក់ ម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែនូវថវិកា ១០០,០០០រៀល (មួយសែនរៀលគត់) ចំពោះ លោកយាយ លោកតា មានជំងឺ និងមានទីលំនៅឆ្ងាយលំបាកធ្វើដំណើរ និងគ្មានមធ្យោបាយធ្វើដំណើរមកទទួលប្រាក់ឧបត្ថម្ភ ក្រុមការងារ បាននាំយក ថវិកាទៅផ្តល់ជូនដល់ទីលំនៅក្នុងមូលដ្ឋានផ្ទាល់ផងដែរ៕