(កែប)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំពិធីផ្សព្វផ្សាយជាផ្លូវការស្តីពីការដាក់ឱ្យអនុវត្ត «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥» និងការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣។
នាឱកាសនោះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រកាសគាំទ្រចំពោះផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្ដកែបឆ្នាំ២០២៣-២០៣៥ និងបន្តថា ការខិតខំប្រឹងប្រែងកសាងនូវសមិទ្ធផលខាងលើ មិនត្រឹមតែដើម្បីឆ្លើយតបទៅនឹងការទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ធំៗនៅខេត្តកែបប៉ុណ្ណោះទេ តែវាក៏បានកែប្រែមុខមាត់របស់ខេត្តទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ទាក់ទាញបាននូវគ្រប់បណ្ដាអ្នកវិនិយោគគិន ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាសម្រាកលម្ហកម្សាន្តរយះពេលយ៉ូ ដែលជាកត្តាជួយជំរុញ និងលើកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់។
លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ផែនការមេនេះត្រូវបានរៀបចំឡើងដើម្បីប្រែក្លាយខេត្ដកែបជាគោលដៅទេសចរណ៍សម្រាកកម្សាន្ដប្រណីតកម្រិតខ្ពស់ប្រកបដោយគុណភាព ភាពទាក់ទាញ ធានាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់ (Competitive Advantage) នៅក្នុងតំបន់ និងពិភពលោក។
លោករដ្ឋមន្ត្រីបានបន្តថា ដោយផ្អែកលើសក្តានុពលនិងភាពសម្បូរណ៍បែបនៃធនធានធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្តរបស់ខេត្តកែប «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥» បានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តកែបជា «គោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់» ដោយប្រកាន់យកគោលការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាព សុវត្ថិភាព គុណភាព ភាពប្រកួតប្រជែង និងទេសចរណ៍បែបឆ្លាតវៃ។
លោករដ្ឋមន្ត្រី ថោង ខុន បានណែនាំដល់ក្រុមការងារនៃគណៈកម្មការត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តរៀបចំព្រឹត្តិការណ៍វប្បធម៌ សិល្បៈ ព្រឹត្តិការណ៍ទេសចរណ៍នៅខេត្តកែប ត្រៀមរៀបចំកីឡាលើសមុទ្រ ដូចជា កីឡាទ្រីអាត់ថ្លុង កីឡាទូកក្ដោង។ លោកក៏ជំរុញឱ្យខិតខំផ្សព្វផ្សាយដល់ប្រជាជន និងយុវជនឱ្យបានស្គាល់ពីផលិតផលទេសចរណ៍ថ្មីៗនៅខេត្តកែប។
ពិសេសមួយទៀត លោកបានសង្កត់ធ្ងន់ដល់ថ្នាក់ដឹកនាំ ក្រុមការងារត្រូវត្រៀមសម្រាប់ការរៀបចំពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះប្រព្រឹត្តទៅដោយជោគជ័យ និងផ្សព្វផ្សាយទាក់ទាញទេសចរកាន់តែច្រើន។
លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណកម្មការអន្តរក្រសួងសម្រាប់ការរៀបចំផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែប បានលើកឡើងថាជាយុទ្ធសាស្រ្ត ខេត្តកែបត្រូវបានកំណត់ជាប៉ូលអភិវឌ្ឍទេសចរណ៍ជា៤ រួមាន៖ ទី១-ប៉ូលទេសចរណ៍តំបន់ក្រុងកែបចាស់ ជាទីក្រុងក្នុងឧទ្យានប្រណិតកម្រិតពិភពលោក ទី២-ប៉ូលទេសចរណ៍តំបន់អង្កោល ជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិបែបទំនើបទី៣-ប៉ូលទេសចរណ៍តំបន់ភ្នំវល្លិ ជាតំបន់កសិ-ទេសចរណ៍និងទេសចរណ៍ធម្មជាតិប្រវត្តិសាស្រ្ត និងទី៤-ប៉ូលទេសចរណ៍តំបន់ប្រជុំកោះ ជាតំបន់ទេសចរណ៍កោះប្រណិត។
លោករដ្ឋលេខាធិការបន្តថា កន្លែងកម្សាន្ត និងតំបន់ទេសចរណ៍ជាច្រើនដែលត្រូវអភិវឌ្ឍ រួមមាន៖ ផ្សារក្តាម ឆ្នេរកែប ទំនប់ទឹកប៉ោហេង ឧទ្យានជាតិកែប ព្រៃកោងកាង ឆ្នេរសាធារណៈកម្រិតខ្ពស់ ស្រែអំបិល តំបន់ភ្នំ ចម្ការម្រេចនិងទុរេន តំបន់កោះ សួនសាធារណះ និងទេសភាពបៃតងសាធារណះ។ លោកថា ព្រឹត្តិការណ៍ទេសចរណ៍ដែលមានសក្តានុពលនឹងអាចរៀបចំនៅខេត្តកែប រួមមាន៖ ពិធីបុណ្យក្តាមសមុទ្រ ពិធិបុណ្យតូរ្យតន្ត្រី ពិធីបុណ្យពន្លឺ ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ ព្រឹត្តិការណ៍ប្រកួតកីឡា ពិធីបុណ្យ I Love Kep Day ពិធីបុណ្យកោងកាង និងពិធីបុណ្យម្រេចជាដើម។ ម្យ៉ាងទៀត ដើម្បីលើកកម្ពស់វិនិយោគនៅខេត្តកែប នឹងរៀបចំឱ្យមានវេទិការវិនិយោគទេសចរណ៍ខេត្តកែបប្រចាំឆ្នាំ ភូមិគ្រឹះឆ្នេរកែប និងក្រុមការងារពិគ្រោះយោបល់វិនិយោគខេត្តកែប។ លើសពីនោះ ផែនការមេក៏បានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្ស យុទ្ធសាស្រ្តទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ និងការបង្កើតមជ្ឍមណ្ឌលនវានុវត្តន៍ទេសចរណ៍តំបន់ឆ្នេរដែលជាបណ្តុំខួរក្បាល ចំណេះដឹងបទពិសោធន៍ និងការបង្កើតថ្មីសម្រាប់គាំទ្រដល់ការអភិវឌ្ឍទេសចរណ៍។
លោក នី ផល្លី បានបន្តទៀតថា ដើម្បីសម្រេចបាននូវចក្ខុវិស័យប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍សម្រាកកម្សាន្តធម្មជាតិប្រណីតកម្រិតខ្ពស់ ការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥ ត្រូវឈរលើទស្សនទាន «ការអភិវឌ្ឍទេសចរណ៍ត្រូវឈរលើមូលដ្ឋានការអភិរក្សបរិស្ថាននិងធនធានធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ» និងទាមទារឱ្យមានការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគោល និងអន្តរវិស័យនានា។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំខាងលើ លោករដ្ឋមន្ត្រី ថោង ខុន និងលោកអភិបាលខេត្តបានដឹកនាំចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យនៅក្បែរផ្សារក្ដាម និងបានណែនាំអនុសាសន៍បន្ថែមផងដែរ៕