(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើលិខិតឆ្លើយតបចំពោះលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងនៅកម្ពុជា ជុំវិញការចោទប្រកាន់យ៉ាងកំរោល មកលើរាជរដ្ឋាភិបាល នៃអំពើឃាតកម្មលើលោក កែម ឡី។ លោក ផៃ ស៊ីផាន បានឆ្លើយតបវិញថា «ចុះបើខ្លួនខ្ញុំផ្ទាល់មានជំនឿថា ក្រុមលោក សម រង្ស៊ី ជាអ្នកនៅពីក្រោយខ្នង នៃអំពើឃាតកម្មនេះវិញ នោះយ៉ាងមិចដែរ»។ អ្នកនាំពាក្យរាជរដ្ឋាភិបាលដដែលរូបនោះ បានបញ្ជាក់ថា ការចោទប្រកាន់ និងមហិច្ឆតារបស់លោក, លោកពិតជាហ៊ានធ្វើទាំងអស់ បើទោះបីជាយក ឈាមក្រហមស្រស់របស់ ប្រជាពលរដ្ឋខ្មែរ ក្រាលជាកំរាលព្រំ ដើរទៅកាន់អំណាចជានាយករដ្ឋមន្ត្រី ក៏លោកហ៊ានធ្វើដែរ។

ដោយមិនធ្វើអត្ថាធិប្បាយលើលិខិតឆ្លើយតប របស់លោក ផៃ ស៊ីផាន, យើងខ្ញុំសុំដាក់ផ្សាយទាំងស្រុងដូចខាងក្រោម៖

«នៅក្នងការលើកឡើងរបស់បុគ្គលរូបនេះ ដែលចោទប្រកាន់យ៉ាងកំរោលលើរាជរដ្ឋាភិបាល ដោយមិនចាំបាច់ត្រៀម រកហេតុផលឲ្យបានច្បាស់ ដែលអាចយកជាការបាន ក្នុងការរួមចំណែកស្វែងរកជន ឬក្រុមពីក្រោយខ្នង នៃអំពើឃាតកម្មលើលោក កែម ឡី នេះ។
 
បុគ្គលនិរទេសខ្លួននេះ គេចពីការទទួលខុសត្រូវចំពោះមុខច្បាប់ បានប្រើពាក្យគន្លឹះ «ខ្ញុំជឿថា» គឺពិតប្រាកដណាស់ថា មានភស្តុតាងច្បាស់លាស់ណាស់ ដែលគួរមានសេចក្តីក្លាហាន ក្នុងភាពជាមនុស្សដឹងខុស ដឹងត្រូវពិតនោះ គួរចូលរួមបង្ហាញជាសាធារណៈជូនដល់តុលាការ ដោយពុំចាំបាច់តម្រូវឲ្យមានការ ស៊ើបអង្កេត ពីស្ថាប័ន ឬបុគ្គលបរទេសណាមួយនោះទេ។ រីឯពាក្យ «ខ្ញុំជឿថា» វាខុសគ្នា និងពាក្យ «សង្ស័យថា» ដែលជាពាក្យនៃការងារច្បាប់ ដែលស្ថាប័នតុលាការ តម្រូវឲ្យស្វែងរកភស្តុងតាង រហូតដល់អស់ការសង្ស័យ (វិមតិសង្ស័យ) នៅក្នុងការវិនិច្ឆ័យរឿងក្តីណាមួយនោះ។

ការចោទប្រកាន់ដោយបុគ្គលរូបនេះ ដែលប្រើពាក្យ «ខ្ញុំជឿថា» ដែលចង់បានជាមូលដ្ឋាន អំណះអំណាង ក្នុងការវាយប្រហារ បំផ្លៃសាច់រឿងពិតដោយ ប្រឌិតប្រឆាំង និងរាជរដ្ឋាភិបាល គឺពុំអាចទទួលយក បានទាំងស្រុងនោះឡើយ អាស្រ័យដោយឥរិយាបទ និងទម្លាប់អាក្រក់ ភូតភរ ប្រឌិតបោកប្រាស់ មិនទទួលខុសត្រូវ ពីអ្វីដែលខ្លួនបាននិយាយ ឬបានធ្វើ។ ជាឧទាហរណ៍ករណីពាក់ព័ន្ធ និងកម្មកររោងចក្រកាត់ដេរ ជាមួយសភាអ៊ឺរ៉ុប។ រឿងមួយទៀត ដែលប្រឌិតភូតភរ ចោទប្រកាន់រាជរដ្ឋាភិបាល ចំពោះករណីការបាត់បង់ជីវិតរបស់លោក ឈុត វុទ្ធី នៅក្នុងឆ្នាំ២០១២ កន្លងមកថា៖ ជាអំពើភេរវកម្ម ដែលរៀបចំដោយរាជរដ្ឋាភិបាល។ នៅក្នុងការស្លាប់របស់ ឈុត វុទ្ធី ខ្ញុំបានទទួលព័ត៌មាន និងដឹងច្បាស់ណាស់ ពីអ្នកយកព័ត៌មានរបស់ Cambodia Daily ដែលបានចុះផ្ទាល់ និងហេតុការណ៍នេះ ហើយជម្លោះនេះ គឺជារឿងបុគ្គល និងបុគ្គល សុទ្ធសាធ មិនពាក់ព័ន្ធនិងរាជរដ្ឋាភិបាលនោះទេ, បើទោះជាបុគ្គល ដែលបានស្លាប់មួយទៀតនោះ ថិតនៅក្នុងឯកសណ្ឋាន កងរាជអាវុធហត្ថក៏ដោយ។ ករណីនេះក៏ទទួលបាន ការវិនិច្ឆ័យពីហេតុ និងផល របស់ តុលាការចប់សព្វគ្រប់រួចស្រេចហើយដែរ។

នេះគ្រាន់តែជាករណីមួយ នៃការឆក់ឱកាសកេងប្រវ័ញ្ចពីសាកសព ឬពីអំពើឃាតកម្មនោះ ដើម្បីផលប្រយោជន៍នយោបាយរបស់ សម រង្សី តែប៉ុណ្ណោះ។ ចុះបើខ្លួនខ្ញុំផ្ទាល់មានជំនឿថា៖ ក្រុមលោក សម រង្ស៊ី ជាអ្នកនៅពីក្រោយខ្នង នៃអំពើឃាតកម្មនេះវិញ អាស្រ័យដោយការលេចធ្លោប្រជាប្រិយភាពរបស់លោក កែម ឡី ដែលជាឧប្បសគ្គដល់តំណែង ប្រធាន CNRP ហើយលោក កែម ឡី បានធ្វើការប្រមាថខ្លាំងៗ ចំពោះប្រធាន CNRP ក៏ដូចជាអនុប្រធានផងដែរនោះ គឺជាហេតុផលនៃការសម្លាប់នេះ តើការជឿរបស់ខ្ញុំមានន័យ និងទម្ងន់បែបណាដែរ?

រីឯការរំពឹងអន្តរជាតិ ដែលជាវប្បធម៌ និងសេចក្តីត្រូវការជានិច្ច​​ របស់លោកជាចាំបាច់នោះ គឺជាការប្រមាថព្រះមហាក្សត្រ និងប្រជាជាតិរួចស្រេចហើយ។ មួយវិញទៀត ថាតើអន្តរជាតិនោះជាប្រជាជាតិណា? ហើយប្រជាជាតិបរទេសទាំងនោះ ប្រាកដជាគេបំរើផលប្រយោជន៍ខ្មែរ ឬផលប្រយោជន៍របស់គេផ្ទាល់?

ខ្ញុំនឹកឃើញនៅពេលព្រះមហាក្សត្រខ្មែរ អញ្ជើញលោកប្រធាន CNRP ឲ្យចូលសភា លោកមិនយកចិត្តទុកដាក់គោរពនោះទេ ក៏ប៉ុន្តែលោកក្លាយជាត្លុកបរទេស ដែលបង្គាប់ឲ្យលោកចូលអង្គុយក្នុងរដ្ឋសភា លោកឱនក្បាលចូលដោយមុខក្រាស់ទទួលយកការ ចំអកពីពលរដ្ឋខ្មែរ ក៏ដូចជាលោក កែម ឡី ផងដែរ។

បំណងរបស់លោក គឺមិនត្រឹមតែចង់ផ្តួលរំលំរដ្ឋាភិបាលប៉ុណ្ណោះទេ សូម្បីរដ្ឋធម្មនុញ្ញក៏លោកពុំទទួលស្គាល់ផងដែរ ដែលបានស្តែងច្បាស់ថា «តុលាការកម្ពុជា ជាផលប្រយោជន៍របស់ប្រជាពលរដ្ធកម្ពុជា ដែលពុំអាចមានអ្នកណា ឬក្រុមណា ជ្រៀតជ្រែកបានឡើយ»។ ការចោទប្រកាន់ និងមហិច្ឆតារបស់លោក  ដែលចង់បានអំណាចហួសហេតុពេកនោះ បានធ្វើឲ្យលោកឡប់សតិស្មារតី អស់តម្លៃ និងហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាង បើទោះជាយកឈាមក្រហមស្រស់របស់ ប្រជាពលរដ្ឋខ្មែរ ក្រាលជាកំរាលព្រំ ដើរទៅកាន់អំណាចជានាយករដ្ឋមន្ត្រី ក៏លោកហ៊ានធ្វើបានផងដែរ»៕