(ការ៉ាកាស)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌួរ៉ូ បានតែងតែងអគ្គមេបញ្ជាការកងទ័ព ឲ្យក្លាយ ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មីនៃប្រទេសអាមេរិកឡាទីនមួយនេះ ខណៈដែលសហរដ្ឋអាមេរិកធ្លាប់ចោទមន្ត្រីជាន់ខ្ពស់ រូបនេះថាជាឧក្រិដ្ឋជនគ្រឿងញៀនប្រចាំតំបន់អាមេរិកខាងត្បូង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ Reuters នាល្ងាចថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០១៦។
លោក Nestor Reverol ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីមហាផ្ទៃថ្មីនេះ មានអតីតភាពជាប្រធាននៃទីភ្នាក់ងារប្រឆាំង សារធាតុញៀន Narcotics និង ជាអគ្គមេបញ្ជាការនៃកងកម្លាំងការពារជាតិ។ កាលពីថ្ងៃចន្ទកន្លងទៅនេះសហរដ្ឋ អាមេរិក ក៏បានប្រកាសចោទប្រកាន់លោក Nestor និងមន្ត្រីពាក់ព័ន្ធវេណេស៊ុយអេឡាមួយចំនួនទៀតដែរ ថាបានលួច ធ្វើការរត់ពន្ធសារធាតុ កូកាអ៊ីន ខុសច្បាប់។
ទោះបីជាមានការចោទប្រកាន់បែបនេះក្តីក៏នៅក្នុងពិធីតែងតាំងនាថ្ងៃអង្គារ សប្តាហ៍នេះប្រធានាធិបតីលោក ម៉ាឌូរ៉ូ បានថ្លែងថា «ខ្ញុំសូមផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹង។ លោកបានទទួលការវាយប្រហារដោយចក្រពត្តិអាមេរិក»។ លោក Nestor វ័យ ៥១ឆ្នាំក៏ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីមហាផ្ទៃម្តងរួចមកហើយដែរ នៅក្នុងអតីតរដ្ឋាភិបាលរបស់ ប្រធានាធិបតីលោក Hugo Chavez ហើយកន្លងមកលោកតែងតែទាត់ចោលទាំងអស់ នូវរាល់ការចោទប្រកាន់ពីអាមេរិក៕