(ស្វាយរៀង)៖ ស្នងការនគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ កឹង ឃន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ បានបញ្ចប់យុទ្ធនាការដឹកនាំ ក្រុមការងារចុះសួរសុខទុក្ខ និងពង្រឹងរបៀបរបបធ្វើការងារ តាមនគរបាលប៉ុស្តិ៍ទាំង៨០កន្លែង នៅទូទាំងខេត្ត។ យុទ្ធនាការរបស់លោកស្នងការ បានធ្វើឡើងចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦។
លោកស្នងការបានថ្លែងថា គោលបំណងនៃការចុះយុទ្ធាការនេះគឺដើម្បី ត្រួតពិនិត្យការអនុវត្តសេចក្តីណែនាំរបស់ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ស្តីពីការពង្រឹងបន្ថែមប្រសិទ្ធិភាព របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល និងត្រួតពិនិត្យការចាត់ចែងអនុវត្តនូវប្រកាសលេខ៨៨៣ របស់ក្រសួងមហាផ្ទៃ ស្តីពីតួនាទី ភារកិច្ចរបស់នគរបាលប៉ុស្តិ៍រដ្ឋបាល។ លោកឧត្តមសេនីយ៍បានជម្រុញឲ្យកម្លាំងនគរបាលមូលដ្ឋាន បន្តខិតខំធ្វើការងាររក្សាសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ត្រូវគ្រប់គ្រងរដ្ឋបាល និងគ្រប់គ្រង មុខសញ្ញាគ្រប់ប្រភេទ ក្នុងមូលដ្ឋានអោយបានច្បាស់លាស់ ត្រូវសម្រង់ស្ថិតិប្រជាពលរដ្ឋដែលមាននិងគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក៏ដូចជាសៀវភៅគ្រួសារ ដើម្បីជម្រុញការថតផ្តល់អត្តសញ្ញាណដល់មូលដ្ឋានបន្តទៀត, ត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្តិភាពក៏ដូចជា បំផុសឲ្យប្រជាពលរដ្ឋចូលរួមប្រជាការពារ និងជាពិសេស កងកម្លាំងនគរបាលប៉ុស្តិ៍ ត្រូវផ្លាស់ប្ដូរឥរិយាបថឲ្យថ្លៃថ្នូរ សុភាពរាបសារ និងខិតខំយកចិត្តទុកដាក់ ផ្តល់សេវាតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានលឿន។ ឆ្លៀតឱកាសក្នុងការចុះសាកសួរសុខទុក្ខ និងពង្រឹងនគរបាលរដ្ឋបាលនេះ លោកឧត្តមសេនីយ៍ស្នងការ បានចុះត្រួតពិនិត្យ ការងារសាងសង់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កែ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបុសមន កំពុងសាងសង់ ដែលផ្តួចផ្តើមគំនិតកសាងឡើងដោយលោកឧត្តមសេនីយ៍ និងមានការឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈ ពីសប្បុរសជននានា។
ក្រៅពីនេះលោកស្នងការ បានឧបត្តម្ភថវិកាចំនួន១០០ដុល្លារសម្រាប់ដោះស្រាយ សាងសង់បន្ទប់ទឹក ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គប្រសែ ក្នុងស្រុករមាសហែក និងបានឧបត្តម្ភថវិកាចំនួន៥០០ដុល្លារ សម្រាប់ដោះស្រាយ សាងសង់ ប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរសោមស្រុកស្វាយទាបផងដែរ៕