(ភ្នំពេញ)៖ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្ដរជាតិ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា រដ្ឋាភិបាលម៉ារ៉ុក សន្យា ជួយបណ្តុះបណ្តាលអ្នកការទូតវ័យក្មេង នៅកម្ពុជា និង បណ្តុះបណ្តាលជំនាញភាសាបារាំងបន្ថែមទៀត។
លោក ជុំ សន្ទរី ថាការលើកឡើងរបស់ភាគីម៉ារ៉ុក នាពេលនេះធ្វើឡើង ខណៈទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការរបទេស និង សហប្រតិបត្តិការអន្ដរជាតិ បានជួបពិភាក្សាការងារ ជាមួយលោក Abdelilah El Housni ឯកអគ្គរាជទូត ម៉ារ៉ុកប្រចាំកម្ពុជា នាទីស្ដីការក្រសួងការបរទេស នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាដដែលរូបនោះ បានបន្ថែមថា ភាគីម៉ារ៉ុក មានជំនឿថា គម្រោងនៃការជួយបណ្តុះបណ្តាល អ្នកការទូតវ័យក្មេងនៅកម្ពុជា និង បណ្តុះបណ្តាលជំនាញភាសាបារាំងបន្ថែមទៀត នឹងសម្រេចឲ្យបានក្នុងពេលឆាប់ៗនេះ។ គម្រោងនៃការជួយបណ្តុះបណ្តាលនេះ ខាងភាគីម៉ារ៉ុក បានបញ្ជាក់ថា នឹងជួយកម្ពុជា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សឲ្យបានច្រើន ជូនដល់កម្ពុជា ដើម្បីជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យមានការរីកចំរើនជាងនេះ។
ក្រៅពីការលើកឡើងខាងលើនេះ លោក Abdelilah El Housni ឯកអគ្គរាជទូត ម៉ារ៉ុក ប្រចាំកម្ពុជា បានបញ្ជាក់ថា នៅពេលឆាប់ៗនេះ កម្ពុជា និង ម៉ារ៉ុក នឹងបង្កើតកម្មវិធីអបអរសាទរគម្រប់ខួប ២០ឆ្នាំ នៃការទំនាក់ទំនងគ្នារវាងប្រទេសទាំងពីរនេះ។
ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការរបទេស និងសហប្រតិបត្តិការអន្ដរជាតិ បានថ្លែងអំណរគុណដល់ ភាគីម៉ារ៉ុក ដែលបាន ផ្ញើសារសាទរ ដល់រូបលោក ដែលបានជាប់តំណែងជា រដ្ឋមន្ដ្រីក្រសួងការរបទេស និងសហប្រតិបត្តិការអន្ដរជាតិ៕