(កណ្ដាល)៖ ករណីយុវជន៥នាក់ រំលោភសេពសន្ថវៈបូកនារីម្នាក់ រហូតសន្លប់ស្ដូកស្ដឹង ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល សម្រេចចោទប្រកាន់ជាផ្លូវការ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ មុនបញ្ជូនទៅដៃចៅក្រម ដើម្បីបន្តនីតិវិធី។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល លោក ទេព មុនិន្ទ បានបញ្ជាក់ថា ជនសង្ស័យ៥នាក់ ត្រូវបានចោទប្រកាន់ជាផ្លូវការ រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធី។ លោក ទេព មុនិន្ទ បានថ្លែងថា «ពួកគេទាំង៥នាក់ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសដោយសារមធ្យោបាយ ប្រើប្រាស់ឬទាក់ទងនឹងជនល្មើស តាមមាត្រា២៤០នៃក្រមព្រហ្មទណ្ឌ»។
បទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ។ សូមបញ្ជាក់ថា សមត្ថកិច្ចនគរបាលស្រុកស្អាង ខេត្តកណ្តាល បានឃាត់ខ្លួនយុវជន៥នាក់ ពីបទរំលោពសេពសន្ថវៈ លើកនារីម្នាក់រហូតដល់សន្លប់ នៅម៉ោងប្រមាណជា ៩៖១០នាទីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចចំការស្វាយ ស្ថិតភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង។ សមត្ថិកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឡ.ច.ដ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការីនី មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង។ ចំណែកជនសង្ស័យទាំង០៥នាក់៖ ១- ឈ្មោះ រ៉េត រដ្ឋា ហៅមោគ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ, ២- ឈ្មោះ សុភាព ឆ្លូញ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ, ៣- ឈ្មោះ កែវ ឆ្លាត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ, ៤- ឈ្មោះ យ៉ុង យុត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ, ៥- ឈ្មោះ ធី លាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ អ្នកទាំង៥ខាងលើ មានទីលំនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបានរៀបរាប់ដំណើររឿងថា នៅវេលាម៉ោង ៨៖០០នាទីយប់ថ្ងៃទី០១ ខែសីហា ឈ្មោះ រ៉េត រដ្ឋា បានទាក់ទងទូរស័ព្ទទៅមិត្តស្រី ជាស្ត្រីរងគ្រោះ ដើម្បីមករួមភេទ ពេលនោះជនរងគ្រោះ បានដើរមកឆ្លងដរកោះខែលមកឃុំខ្ពប ដោយមានឈ្មោះ កែវ ឆ្លាត និងឈ្មោះ រ៉េត រដ្ឋា ចាំទទួល ពេលទៅដល់ត្រើយម្ខាងឈ្មោះ ឆ្លាត ឌុប ឈ្មោះ រដ្ឋា និងឈ្មោះ ចាន់ដន ដោយម៉ូតូម៉ាកនិច សំដៅចូលសាលាអនុវិទ្យាល័យខ្ពប ពេលជាមួយគ្នានោះ មានភ្លើងពិលគេចុចឆ្វេកឆ្វាច ឈ្មោះ ឆ្លាត ឌុបឈ្មោះ រដ្ឋា និងឈ្មោះ ចាន់ដន ចេញសំដៅទៅចំការស្វាយ ស្ថិតនៅខាងត្បូងព្រែកវត្តខ្ពប ទៅទិសខាងកើតចម្ងាយប្រហែល ៥០០ម៉ែត្រ ពីផ្លូវលេខ១១០ (ខាងកើតទន្លេបាសាក់)។
ចំណែកឈ្មោះ សុភាព ឆ្លូញ ជិះម៉ូតូគុបមូលឌុបឈ្មោះ យ៉ុង យុត និងឈ្មោះ ធី លាង តាមពីក្រោយ ពេលទៅដល់វេលាម៉ោង ៩៖១០នាទីយប់ថ្ងៃដដែល ឈ្មោះ រ៉េត រដ្ឋា ឲ្យឈ្មោះ ចាន់ដន ដេកដីរួចស្រាតខោក្រៅ និងខោក្នុងជនរងគ្រោះរំលោភសេពសន្ថវៈមុនគេ បានមួយលើក បន្ទាប់មកឈ្មោះ កែវ ឆ្លាត រំលោភបានមួយលើក និងឈ្មោះ សុភាព ឆ្លូញ កំពុងរំលោភសេពសន្ថវៈក៏ជនរងគ្រោះសន្លប់ ឈ្មោះ ឆ្លូញ ក៏បញ្ឈប់សកម្មភាពតែម្តង (ដោយប្រើស្រោមអនាម័យទាំងអស់គ្នា) ចំណែកឈ្មោះ ធី លាង និងឈ្មោះ យ៉ុង យុត នៅចាំម៉ូតូមិនបានរំលោភសេពសន្ថវៈទេ។ នៅពេលនោះឈ្មោះ រ៉េត រដ្ឋា បានបីជនរងគ្រោះដោយឈ្មោះ សុភាព ឆ្លូញ ឌុបដោយម៉ូតូគុបសេ៥០ ហើយឈ្មោះ ឆ្លាត ជិះម៉ូតូម៉ាមនិចឌុបឈ្មោះ យុត និងឈ្មោះ លាង សំដៅមកឆ្លងដរចុងកោះ ពេលទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចនគរបាលស្រុកស្អាង បានអន្តរាគមន៍ និងធ្វើការឃាត់ខ្លួនជនល្មើសខាងលើ ចំណែកជនរងគ្រោះបានបញ្ជូន មកព្យាបាលនៅមន្ទីរពេទ្យឃុំតាលន់។
ចំពោះហេតុការណ៍នេះ លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់តាមរយៈ Facebook របស់លោកថា ការកើតឡើងករណីរំលោភបូកនេះ មកពីជនសង្ស័យ ឈ្មោះ រ៉េត រដ្ឋា ខឹងមិត្តស្រីមានសង្សារច្រើន រួចក៏រៀបឧបាយកល ណាត់មិត្តស្រីមករួមភេទ បែរជាណាត់គូកនបន្ថែមទៀត មករំលោភបូកសង្សារ «5 in 1» ទើបបាន៣នាក់ក៏សន្លប់ ភ័យពេកដឹកជនរងគ្រោះយកទៅចោល ក៏ជួបសមត្ថកិច្ចកំពុងល្បាត ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាន នគរបាលស្រុកស្អាងធ្វើការឃាត់ខ្លួន ជនស្ស័យភ្លាមចំនួន៥នាក់។ បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ខាងលើ សមត្ថកិច្ចបានក៏សាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕