(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា «បើគ្មានបងប្អូនអតីតយុទ្ឋជន ដែលខំតស៊ូលះបង់ជីវិត លះបង់ដៃជើងរបួសពិការទាំងអស់គ្នានេះ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងបើគ្មានគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេច ហ៊ុន សែន ទេនោះប្រទេសកម្ពុជាយើង ក៏គ្មានសុខសន្តិភាពដល់សព្វថ្ងៃនេះដែរ ហើយត្រូវរក្សាកិត្តិយសរបស់យើង ដើម្បីទុកជាគំរូល្អដល់យុវជនជំនាន់ក្រោយរៀនសូត្រតាម»។
ការថ្លែងបែបនេះរបស់នាយឧត្តមសេនីយ៍ ត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយ អតីតយុទ្ធជន៣៥០នាក់ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ នៅក្នុងសាលាស្រុកព្រះនេត្រព្រះ។ ក្នុងនោះដែរក៏មានការចូលរួមពីនាយឧត្តមសេនីយ៍ ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមបញ្ជាការយោធភូមិភាគទី៥ លោកអ៊ុ រាត្រី អភិបាលរងខេត្ត និងមន្ត្រីរាជាការ កងកម្លាំងប្រដាប់អាវុធ ជុំវិញខេត្ត ស្រុក ជាច្រើនរូប។
ក្នុងឱាកាសនេះដែរ នាយឧត្តមសេនីយ៍ បានពាំនាំនូវ ផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន ជានាយរដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែនឹងរឮក ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងបង្អូអតីតយុទ្ឋជន និងជនពិការទាំងអស់ជានិច្ច ទោះបីទៅទីកកន្លែងណាក៏ដោយ ក៏សម្តេចទាំង២មិនដែលភ្លេច បងប្អូន អតីតយុទ្ធជាជនពិការ និងគ្រួសារអតីតយុទ្ធជនឡើយ។ នាយឧត្តមសេនីយ៍ បន្ដថា កន្លងមកសម្តេចទាំង២ តាមដានណាស់អំពីសកម្មភាពសមាគមន៍អតីតយុទ្ធជន បើឃើញមានបងប្អូនអតីតយុទ្ឋជនណាមួយ ជួបការលំបាក សម្តេចនឹងចាត់ឲ្យ ជួយដោះស្រាយរាល់ការលំពាក និងខ្វះខាតរបស់បងបង្អូនភ្លាមៗ គឺមិនទុកឲ្យបងបង្អូនអតីតយុទ្ធជនណាមួយជួបការលំបាក គ្មានអ្នកណាជួយគិតគូរដោះស្រាយរាល់ការលំបាកនោះឡើយ។
ជាចុងក្រោយ លោកបានផ្តាំផ្ញើ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនអតីតយុទ្ធជន ក្រុមគ្រួសារ យុទ្ធជនពលី មរណៈទាំងអស់ថា សូមចេះស្រឡាញ់គ្នា សាមគ្គីគ្នា បើមានបងប្អូនអតីតយុទ្ឋជនណាម្នាក់ មានជម្ងឺផ្សេងៗ ត្រូវចេះជួយគ្នា ដោយត្រូវបញ្ជូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា និងនៅពេលមានបងប្អូន ស្លាប់ត្រូវតែជួយចូលរួមធ្វើបុណ្យឲ្យគ្នាទៅវិញទៅមកកុំខានឡើយ ព្រោះរឿងនេះម្តងគេម្តងយើង ហើយត្រូវរក្សាកិត្តិយសសេចក្តីថ្លៃថ្នូ របស់យើង ដើម្បីជាគំរូល្អដល់យុវជនជំនាន់ក្រោយរៀនសូត្រតាម។ សូមបញ្ជាក់ថា បងប្អូនអតីតយុទ្ឋជនទាំង៣៥០នាក់ ក៏បានទទួលអំណោយពីនាយឧត្តមសេនីយ៍ ផងដែរ ដោយក្នុងម្នាក់ៗ ទទួលបានថវិការ៥ម៉ឺនរៀល៕