(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ឌឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា សមត្ថកិច្ចចម្រុះដែលចុះទៅឆែកឆេរ និងត្រួតពិនិត្យ សហគ្រាសផលិត និង វេចខ្ចប់ថ្នាំលាបសក់ «ខល័រ និង ប៊្លូប្រឺហ្វេសិនណល» បានសម្រេច ដកហូតវត្ថុធាតុដើម និងផលិតផលជាច្រើន ចេញពីសហគ្រាសនេះ ជាបណ្តោះអាសន្ន ដើម្បី ត្រួតពិនិត្យបន្ថែម នៅក្រសួងសុខាភិបាល និងផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន។
ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ឌឿន បានបញ្ជាក់ថា សមត្ថកិច្ចក៏បានសម្រេចបិទទីតាំងបណ្តោះអាសន្ន ដើម្បីរក្សានូវផលិតផល និងវត្ថុធាតុដើម ដែលបានរកឃើញ ហើយករណីនេះ នឹងមានការសម្រេចពីសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
ការសម្រេចនេះ បានធ្វើឡើង ក្រោយពីម្លាំងចម្រុះនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច និងក្រុមការងារពីក្រសួងសុខាភិបាល រួមនឹងអាជ្ញាធរប្រចាំតំបន់ជាច្រើននាក់ទៀត បានចុះទៅឆែកឆេរ សហគ្រាសផលិត និងវេចខ្ចប់ថ្នាំលាបសក់របស់សហគ្រាស «ខល័រ និង ប៊្លូប្រឺហ្វេសិនណល» នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ ហើយ បានរកឃើញថា វត្ថុធាតុដើម នៅក្នុងសហគ្រាសនេះ ពុំមានលិខិតអនុញ្ញាត ត្រឹមត្រូវពីក្រសួងសុខាភិបាល (ចុះបញ្ជីការពីក្រសួងសុខាភិបាល) ចំណែកការផលិត និងវេចខ្ចប់ ពុំមានលិខិតអនុញ្ញាត ពីក្រសួងសុខាភិបាល និង ក្រសួងឧស្សហកម្ម និងសិប្បកម្ម។ ក្រៅពីនោះសមត្ថកិច្ចបានរកឃើញថា ម៉ាស៊ីន នាំចូលផលិត សុទ្ធតែគ្មានការអុនញ្ញាតត្រឹមត្រូវ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៦នេះ សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានចុះប្រតិបត្តិការ ឆែកឆេរ សហគ្រាសផលិត និង វេចខ្ចប់ផលិតផលថ្នាំ លាបសក់ខល័រ និងប៊្លូប្រឺហ្វេសិនណល (Color and Blue Professional) សង្ស័យមានជាតិគីមី និងវេចខ្ចប់ផលិតផលថ្នាំ លាបសក់ខុសច្បាប់។
ប្រតិបត្តិការចុះឆែកឆេរខាងលើនេះ ដឹកនាំដោយ លោក លី សុផាណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ត្រី អ៊ុ ម៉ូនី អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រតិបត្តិការប្រចាំក្រុងភ្នំពេញ, មន្រ្តីក្រសួងសុខាភិបាល, កម្លាំងចម្រុះជាច្រើននាក់ និងមានការចូលរួមពីអាជ្ញាធរ ភូមិ សង្កាត់ ជាច្រើនរូបទៀតផងដែរ ។ សហគ្រាសផលិត និង វេចខ្ចប់ផលិតផលថ្នាំ លាបសក់ «ខល័រ និង ប៊្លូប្រឺហ្វេសិនណល» (Color and Blue Professional) មានទីតាំងស្ថិតនៅ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការរបស់សមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានធ្វើឡើង ក្រោយពីសង្ស័យថា សហគ្រាសនេះ កំពុងតែផលិត វេចខ្ចប់ និងចែកចាយធ្វើចរាចរណ៍លើទីផ្សារ នូវផលិតផលថ្នាំលាបសក់ ដោយខុសច្បាប់។ ក្រោយប្រតិបត្តិការសមត្ថកិច្ច រឹបអូសបានវត្ថុតាងមួយចំនួនរួមមាន ផលិតផលវេចខ្ចប់រួចចំនួន៣០តោន, វត្ថុធាតុដើមប្រហែល១៥តោន, សំបកវេចខ្ចប់ប្រហែល៥តោន, ម៉ាស៊ីនសម្រាប់ផលិតថ្នាំលាប៧គ្រឿង និងសំបកកេសមួយចំនួនធំ៕