(ព្រះសីហនុ)៖ ដោយមានទឹកចិត្តសទ្ឋាជ្រះថ្លាក្នុងព្រះពុទ្ឋសាសនា, លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ឧបាសក ឧបាសិកា និងញាតិមិត្ត បានអញ្ជើញប្រគេនទានព្រះវស្សាដល់វត្តចំនួន៦ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ គឺវត្តឧកញាហេង វត្តភ្នំពេជ្រ វត្តពោធិ៍អណ្តែត វត្តព្រៃនប់ វត្តព្រីងចាន់ និងវត្តអូរត្រជាក់ចិត្ត។

ពិធីនេះ ត្រូវបានរៀបចំធ្វើនៅព្រះវិហារព្រះអង្គផ្ទុំ និងព្រះវិហារប្រាសាទបន្ទាយទ័ព ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ, លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ព្រមទាំងក្រុមគ្រួសារ ញាតិមិត្ត បានអញ្ជើញអុជធូបបួងសួងសុំឲ្យវត្ថុសក្តិសិទ្ឋិប្រោះព្រំ សេរីសួរស្តី ដល់ប្រទេសកម្ពុជា ជាពិសេសសូមសម្បូងសម្រូងដល់ទសបរមី ទេវតាថែរក្សាស្វេតច្ឆត្រ ចូលមកប្រោះព្រហ្ម សេចក្តីសុខ សេរីសួស្តីបវរមហាប្រសើរថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះវររាជមាតាជាតិខ្មែរ មុនីនាថសីហនុ សូមព្រះអង្គទាំងទ្វេមានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះបញ្ញាញាណវាងវៃ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់កូន ចៅ ចៅតួតរបស់ព្រះអង្គ និងសូមប្រសិទ្ឋិពរជ័យបវរមហាប្រសើរដល់សម្តេចប្រធានព្រឹទ្ឋសភា សម្តេចប្រធានរដ្ឋសភា សម្តេចតេជោនាយករដ្ឋមន្ត្រី និងសមេ្តចកិត្តិព្រឹទ្ឋបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឲ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សិរីសួស្តី សុភមង្គលគ្រប់ប្រការ និងប្រកបដោយពុទ្ឋពរ និងពរ ទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លាតឃ្លាឡើយ។

បន្ទាប់មក, លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី ព្រមទាំងក្រុមការងារ បានប្រគេននូវទានព្រះវស្សា និងទ័យ្យវត្ថុ មានគ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនដល់វត្តទាំង២ ខាងលើ រួចព្រះសង្ឃក៏បានធ្វើពិធីបង្សុកូលឧទ្ទិសកុសល ដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិ្តការទាំង៧សន្តាន ក្នុងនោះមានឧបាសក ង៉ុយ យឹម, ឧបាសិកា ដួង ថាន់ និងឧបាសិការ យូ ឃួន, ឧបាសកា ទន់ ធី, ឧបាសក ទន់ អ៊ឹម និងវិញ្ញាណក្ខន្តសម្តេចអគ្គធម្មពោធិសាល ជា ស៊ីម និងលោកស្រី ព្រមទាំងវិញ្ញាណក្ខន្ធវីរយុទ្ឋជន យុទ្ឋនារី ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ សូមបានភពប្រសព្វតែនឹងស្ថានបរមសុខ កុំបីឃ្លាតឃា្លឡើយ និងងាកក្រោយឲ្យពរឲ្យជ័យ សេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការដល់លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី ព្រមទាំងក្រុមគ្រួសារ និងញាត្តិ មិត្តជិតឆ្ងាយ និងក្រុមការងារទាំងអស់។

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសព្វរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ប្រទេសកម្ពុជាយើង ពិតជាមានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ឋចក្រ និងអាណាចក្រ ហើយមានសុខសន្ដិភាព និងឯកភាពជាតិពេញផ្ទៃប្រទេស ក្រោមនយោបាយឈ្នះ-ឈ្នះ។ ប្រជាជនកម្ពុជាគ្រប់រូប បាននិងកំពុងទទួលផលនូវផ្លែផ្កាដ៏ត្រចះត្រចង់ នៃសន្ដិភាពដ៏ពេញបរិបូរណ៌នេះ និងមានឱកាសបានធ្វើបុណ្យទានទៅតាមទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ឋសាសនា ហើយអរគុណសន្តិភាពដែលផ្តល់ឲ្យយើងនូវអ្វីទាំងអស់ដូចសព្វថ្ងៃនេះ៕