(ត្បូងឃ្មុំ)៖ ក្នុងដំណើរចុះទៅពិនិត្យមើលការចិញ្ចឹមជ្រូក របស់ប្រជាពលរដ្ឋ នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វបន្ថែម ដើម្បីបង្កើនប្រាក់ចំណូលពីលើការធ្វើស្រែចំការ។
ទន្ទឹមនិងការជំរុញប្រជាពលរដ្ឋឲ្យប្រឹងប្រែង ចិញ្ចឹមសត្វហើយនោះ លោករដ្ឋមន្រ្តី ក៏បានសន្យាប្រឹងប្រែងពង្រីកទីផ្សារ សម្រាប់សាច់សត្វរបស់ប្រជាពលរដ្ឋខ្មែរផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី០១ ខែសីហា នេះ លោក វេង សាខុន បានក្រើនរំលឹកទៅដល់មន្រ្តីនៅជាប់ព្រំដែន ឲ្យទប់ស្កាត់ការនាំចូលសាច់សត្វតាមច្រករបៀងនានា។ លោកថា ការនាំចូលសាច់សត្វ តាមច្រករបៀងនេះ វាធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋធ្ងន់ធ្ងរ ហើយក៏ធ្វើឲ្យប៉ះពាល់ដល់ការចិញ្ចឹម សត្វរបស់ប្រជាពលរដ្ឋខ្មែរផងដែរ៕