Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីអប់រំ៖ បេក្ខជនប្រឡង​បាក់ឌុប​ប្រើគ្រឿង​អេឡិចត្រូនិក នឹងធ្លាក់​ដោយ​ស្វ័យប្រវត្តិ, អ្នកប្រឡង​ជំនួស​ត្រូវជាប់ទោស

03-08-2016 15:38

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ២២ សីហា ឆ្នាំ២០១៦ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីប្រឡងឲ្យជាប់ ព្រោះក្នុងឆ្នាំនេះ ក្រសួងអប់រំ រៀបចំការប្រឡងតែ១លើកប៉ុណ្ណោះ អ្នកប្រឡងធ្លាក់ គឺធ្លាក់ហើយ គ្មានប្រឡងលើកទី២ទេ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានព្រមាន ដល់អនុរក្សទាំងអស់ ត្រូវរៀបចំឥរិយាបទ និងភារកិច្ចរបស់ខ្លួនឲ្យបានល្អ កុំឃុបឃិតជាមួយបេក្ខជន ហើយប្រសិនបើមានភាពមិនប្រក្រតីនោះ អនុរក្សទាំងនោះ នឹងត្រូវដាក់ឈ្មោះចូលបញ្ជីខ្មៅ មិនអនុញ្ញាតឲ្យធ្វើអនុរក្ស នៅឆ្នាំក្រោយទៀតទេ។

លោករដ្ឋមន្ត្រីបានថ្លែងទៀតថា សម្រាប់បេក្ខជនដែលឲ្យគេប្រឡងជំនួស ប្រសិនបើចាប់បានត្រូវធ្លាក់ឲ្យស្វ័យប្រវត្តិ និងហាមមិនឲ្យប្រឡងរយៈពេល២ឆ្នាំ។ ចំពោះជនដែលប្រឡងជំនួស នឹងត្រូវជាប់ទោស ពីបទក្លែងបន្លំឯកសារសាធារណៈ។ ដោយឡែកសម្រាប់ បេក្ខជនដែលយកគ្រឿងអេឡិចត្រូនិច ចូលមណ្ឌលប្រឡងនឹងត្រូវធ្លាក់ដោយស្វយប្រវត្តិ៕