(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានបញ្ជាក់ថា ការសាងសង់សំណង់ របស់ក្រុមហ៊ុន Grand Phnom Penh មានចំណុចខ្វះខាត តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្សាយឲ្យដឹង នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ។
ការចេញលិខិតបញ្ជាក់របស់ក្រសួងរៀបចំដែនដីនៅពេលនេះ ធ្វើឡើងបន្ទាប់ពីកាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ សារព័ត៌មានក្នុងស្រុក បានចុះផ្សាយអត្ថបទមួយមាន ចំណងជើងថា «អ្នកលេង Facebook ចង់ដឹកដៃរដ្ឋមន្រ្តីក្រសួងសំណង់ ទៅមើលគុណភាពសំណង់យ៉ាប់យ៉ឺនរបស់ក្រុមហ៊ុន Grand Phnom Penh»។
ក្រោយពីក្រសួងរៀបចំដែនដី បានចាត់មន្រ្តីជំនាញ សហការជាមួយមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យជាក់ស្តែង នៅការដ្ឋានសំណង Grand Phnom Penh នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦។ ជាលទ្ធផល ក្រោយការចុះទៅដល់កន្លែងសាងសង់ផ្ទាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញឲ្យដឹងថា ក្រុមការងារសង្កេតឃើញថា មានការខ្វះខាតមួយចំនួន តែមិនបង្កឲ្យមានផលប៉ះពាល់ដល់អាយុជីវិតមនុស្សទេ។
ជាការឆ្លើយតប តំណាងក្រុមហ៊ុន Grand Phnom Penh បានទទួលស្គាល់ចំណុចខ្វះខាត ហើយសន្យាថា នឹងពង្រឹងការគ្រប់គ្រងសំណង់ ដូចជា សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងគុណភាពសំណង់ជាដើម។
សូមអានសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងរៀបចំដែនដីដូចខាងក្រោម៖