(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធការសមាគមអតីតយុទ្ធជន បានថ្លែងថា «យើងទាំងអស់គ្នាសុទ្ធតែជាអ្នកធ្លាប់បានក្រាបលូន ទទួលរងការឈឺចាប់ព្រាត់ប្រាស ដោយសារសង្គ្រាមរាំងជល់ កាប់សម្លាប់គ្នាឯង អស់រយៈពេលជាង៣ទស្សវត្ស ដូច្នេះយើងមានការខ្លាចរអា និងការពារដាច់ខាតមិនឲ្យកើតសង្គ្រាមបន្ដទៀតទេ ហើយយើងត្រូវដើរតាមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ព្រមទាំងគាំទ្រគោលនយោបាយឈ្នះឈ្នះ»។
ការថ្លែងរបស់នាយឧត្តមសេនីយ៍ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជីកា សមាគមន៍អតីតយុទ្ធជន ក្នុងខេត្តប៉ៃលិនជាង២៥០នាក់ នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ នៅសាលាខេត្តប៉ៃលិន។ ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមបញ្ជាការយោធភូមិភាគទី៥ លោក កើត សុធា អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនខេត្ត និងមន្រ្តីរាជការអ្នកមុខ អ្នកការមួយចំនួនទៀត។
ក្នុងឱកាសនោះដែរ លោក កើត សុធា អភិបាលខេត្តបានថ្លែងពីការគិតគូ យកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ចំពោះអតីតយុទ្ធជនខេត្តប៉ៃលិន ដែលជាគំរូវីរភាព និងជាអ្នកមានគុណបំណាច់ដ៏ធំធេង ពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុជាតិ មាតុភូមិ។ លោកបានបន្តថា រាជរដ្ឋាភិបាល តែងតែបានណែនាំដល់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់មើលលើសុខទុក្ខជីវភាពរស់នៅ និងការផ្តល់សេវារដ្ឋបាល សព្វបែបយ៉ាងជូនបងប្អូនអតីតយុទ្ធជនឲ្យបានល្អប្រសើ។
បន្ថែមពីនេះ លោកនាយឧត្តមសេនីយ៍ គន់ គីម ក៏បានពាំនាំការសួរសុខទុក្ខ នឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះអតីតយុទ្ធជនទាំងអស់។ នាយឧត្តមសេនីយ៍ បន្ដថា «សម្តេចតេជោ ហ៊ុន សែន មានការយកចិត្តទុកដាក់ខ្ពស់ណាស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន យើងទាំងអស់ ព្រោះបងប្អូនអតីតយុទ្ធជន គឺជាអ្នកលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុជាតិមាតុភូមិ ហើយក៏ជាអ្នកដែលចូលរួមសកម្ម ក្នុងគោលនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខ សន្តិភាពនៅទូទាំងប្រទេសកម្ពុជាយើង ហើយយើងមានសព្វថ្ងៃនេះ និងបន្តរីកចម្រើនទៅមុខយ៉ាងខ្លាំងក្លាទៀត នៅពេលដែលសុខសន្តិភាពនេះ នៅតែមាន វត្តមាននៅក្នុងប្រទេសជាតិយើង»។ នាយឧត្តមសេនីយ៍បញ្ជាក់ថា «ពួកយើងទាំងអស់គ្នា សុទ្ធតែជាអ្នកធ្នាប់បានក្រាបលូន ទទួលរងការឈឺចាប់ព្រាត់ប្រាស់ ដោយសារសង្គ្រាមរាំងជល់ កាប់សម្លាប់គ្នាឯង អស់ជាង៣ទស្សវត្សន៍ ដូច្នេះយើងមានការខ្លាចរអា និងការពារដាច់ខាតមិនឲ្យកើតមានសង្គ្រាមបន្តទៀតទេ ហើយយើងត្រូវគាំទ្រ ដើរតាមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល គាំទ្រគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាយើង»៕