(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានដាក់សមាជិករបស់ខ្លួនជាង៤ម៉ឺននាក់ ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីថ្លែងការណ៍ប្រកាសគាំទ្រទាំងស្រុង នូវលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។
ក្នុងសេចក្ដីថ្លែងការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានសហភាពសហព័ន្ធយុវជនកម្ពុជា បានអះអាងថា តាមរយៈយុទ្ធនាការពលរដ្ឋល្អ ខ្លួនបានចូលរួមសង្កេតការណ៍ និងតាមដាន យ៉ាងយកចិត្តទុកដាក់នៅក្នុងដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ (គិតចាប់តាំងពី ដំណាក់កាលនៃការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់ សន្លឹកឆ្នោត ការដោះស្រាយពាក្យបណ្ដឹងពាក់ព័ន្ធនឹងការបោះឆ្នោត រហូតដល់ការប្រកាសលទ្ធផលស្ថាពរនៅ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ។
នៅថ្ងៃបោះឆ្នោត សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជូនសមាជិករបស់ខ្លួន សរុបចំនួន ៤១,៣៣៣ នាក់ ដែលទទួលបានការអនុញ្ញាតពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធ្វើ ជាអ្នកសង្កេតការណ៍នៅតាមបណ្តាការិយាល័យបោះឆ្នោតនៅទូទាំង ២៥ រាជធានី ខេត្ត។
ផ្អែកតាមរបាយការណ៍ដែលទទួលបានពីអ្នកសង្កេតការណ៍របស់ខ្លួននៅទូទាំងប្រទេស និងដូចក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ សហភាពសហព័ន្ធយុវជនកម្ពុជា សូមធ្វើការវាយតម្លៃ និងសន្និដ្ឋានថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានដំណើរការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងគោលការណ៍ច្បាប់ ជាពិសេសការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសល្អប្រសើរ និងគ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ ឬគ្មាន ការគំរាមកំហែង ហើយប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតយ៉ាងច្រើនកុះករក្នុងអត្រា ៨៤,៥៨% ដែលជា អត្រាមួយខ្ពស់ជាងគេបើប្រៀបធៀបទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលកន្លងមក។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះបានក្លាយជាព្រឹត្តការណ៍ជាតិជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលប្រជាជនកម្ពុជាប្រើសិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសមេដឹកនាំប្រទេស តាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ព្រមទាំងច្បាប់ បទបញ្ជា និងនីតិវិធីទាក់ទងនឹង ការបោះឆ្នោត។ ជោគជ័យសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ជាមួយនឹងអត្រានៃអ្នកបោះឆ្នោតមានច រហូតដល់ទៅ៨៤,៥៨% និងបរិយាកាសនៃការបោះឆ្នោតប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អប្រស គ្មានអំពើហិង្សា និងការគំរាមកំហែង គឺបានបង្ហាញឱ្យឃើញថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាកាន់តែ ចាក់ឬសជ្រៅ, កាន់តែរឹងមាំ និងកាន់តែមានភាពរស់រវើកក្នុងសង្គមកម្ពុជា, ប្រជាជនកម្ពុជាកាន់តែមានភាពចាស់ទុំខាងនយោបាយក្នុងការប្រើសិទ្ធិរបស់ខ្លួនជ្រើសរើសមេដឹកនាំ តាមរយៈការបោះឆ្នោត ក៏ដូចជាក្នុងការចូលរួមប្រកួតប្រជែងគ្នាតាមបែបប្រជាធិបតេយ្យហើយអាជ្ញាធរមានសមត្ថកិច្ចកាន់តែមានភាព ម្ចាស់ការប្រកបដោយសមត្ថភាព និងពិសោធន៍ខ្ពស់ក្នុងការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ ក៏ដូចជាធានាឲ្យកិច្ចដំណើរការនៃការបោះឆ្នោតឱ្យប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ និងប្រកបដោយជោគជ័យ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីទាក់ទងនឹងការបោះឆ្នោត។
ជាថ្មីម្តងទៀត សហភាពសហព័ន្ធយុវជនកម្ពុជា សូមសម្ដែងការវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតដែលបានអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ ក្នុងជំហរឯករាជ្យ អព្យាក្រឹត តម្លាភាព និងយុត្តិធម៌ ធ្វើឲ្យដំណើរការរៀបចំការបោះឆ្នោតនៅគ្រប់ដំណាក់កាលបានប្រព្រឹត្តទៅយ៉ាង ល្អប្រសើរ ត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។
ទន្ទឹមនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏សូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច នៅគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធនានា ដែលបានជួយគាំទ្រយ៉ាងសកម្មដល់ដំណើរការនៃការរៀបចំការ បោះឆ្នោត ជាពិសេស ការការពារសន្តិសុខ សណ្ដាប់ធ្នាប់ទូទៅក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងថ្ងៃ បោះឆ្នោត ដែលធ្វើឱ្យដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅយ៉ាងរលូនក្នុងបរិយាកាសល្អប្រសើរ តាំងពីពេលចាប់ផ្តើមរហូតដល់ការប្រកាសលទ្ធផលជាផ្លូវការនេះ។
ឆ្លៀតក្នុងឱកាសនេះដែរ សហភាពសហព័ន្ធយុវជនកម្ពុជា សូមជូនពរដល់បេក្ខជនដែលជាប់ឆ្នោតជា តំណាងរាស្ត្រ សូមទទួលបាននូវជោគជ័យក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជាប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវ ជាពិសេស ការបន្តរក្សានូវ សមិទ្ធផលជាតិដែលសម្រេចបាន និងបន្តជំរុញវឌ្ឍនភាពកម្ពុជាទៅមុខជាលំដាប់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា៕