(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតថ្លែងអំណរគុណជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះសមានចិត្តចូលរួមរំលែកទុក្ខក្រុមគ្រួសាររបស់លោក ដែលបាត់បង់អ្នកម្ដាយ។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ លោកសន្ដិបណ្ឌិត សុខ ផល បានបញ្ជាក់យ៉ាងដូច្នេះថា៖
«ខ្ញុំបាទ សន្តិបណ្ឌិត សុខ ផល និងភរិយា សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសន ដែលបានសម្តែងនូវមនោសញ្ចេតនារំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសាររបស់ខ្ញុំបាទ ក្នុងឳកាសដល ឧបាសិកា សែន សុគន្ធ ត្រូវជាម្តាយ ម្តាយក្មេក និងជីដូន បានទទួលមរណៈភាព កាលពីថ្ងៃពុធ ១រោច ខ ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ៧:៣៤នាទី ព្រឹក ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។
ខ្ញុំបាទ និងភរិយា សូមសម្តែងនូវកញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ។ ការចូលរួមរំលែកទុក្ខរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាសក្ខីភាពបញ្ជាក់នូវទឹកចិត្តស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅចំពោះខ្ញុំបាទនិងភរិយា ព្រមទាំងក្រុមគ្រួសារទាំងអស់គ្នា ដែលធ្វើឲ្យយើងខ្ញុំមិនអាចបំភ្លេច បាននូវសមានចិត្តដ៏ប្រពៃខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឡើយ។
ខ្ញុំបាទ និងភរិយា សូមគោរពជូនពរ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី ចៅៗ សូមទទួល បាននូវពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសន មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ»៕