(វៀងច័ន្ទ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាង របស់កម្ពុជា នៅក្នុងក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (ASEAN Free Trade Area- AFTA) បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីលើកទី៣០ (30th AFTA Council) នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
លោក វង្សី វិស្សុត បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះបណ្តារដ្ឋមន្ត្រី នៃក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរី បានធ្វើការពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន ដើម្បីជំរុញការអនុវត្ត កិច្ចព្រមព្រៀងពាណិជ្ជកម្ម ទំនិញអាស៊ាន (ATIGA) ដូចជា ការលុបបំបាត់បន្ទាត់ពន្ធគយ, ការលុបបំបាត់នូវរបាំងមិនមែនពន្ធគយ និងវិធាននៃប្រភពដើមទំនិញ រួមទាំងការ បង្កើនកិច្ចសម្រួលពាណិជ្ជកម្ម នៅក្នុងតំបន់អាស៊ាន ឱ្យកាន់តែមានលក្ខណៈងាយ ស្រួលតាមរយៈការ អនុវត្តនូវគំនិតផ្តួចផ្តើមផ្សេងៗ ដូចជា ការចេញវិញ្ញាបនបត្រដោយខ្លួនឯង (Self-certification), អ៊ី-អេឡិច ត្រូនិច ATIGA ទម្រង់D (e-Form D),និហិតដ្ឋានអាស៊ានព័ត៌មានពាក់ព័ន្ធពាណិជ្ជកម្ម (ATR), ដំណោះស្រាយអាស៊ាន សម្រាប់វិនិយោគពាណិជ្ជកម្ម និងសេវា (ASSIST), បញ្ជរតែមួយអាស៊ាន (ASW),និងស្តង់ដារ និងអនុលោមភាព។ លោកបន្តថា បណ្តារដ្ឋមន្ត្រី នៃក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរី ក៏បានធ្វើការកត់សម្គាល់ផងដែរ អំពីពាណិជ្ជកម្មរបស់តំបន់ អាស៊ានដែលកាន់តែមានភាពរឹងមាំ ហើយទំហំទឹកប្រាក់សរុប នៃពាណិជ្ជកម្មបានកើនឡើង ទៅដល់ ២,២៨ ទ្រីលានដុល្លារនៅក្នុងឆ្នាំ២០១៥។
ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាស៊ាន ហើយបន្ទាប់ មកគឺប្រទេសជប៉ុនសហភាពអឺរ៉ុបនិងអាមេរិក។ លោកបន្តទៀតថា បណ្តារដ្ឋមន្ត្រី នៃក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរី បានស្វាគមន៍ចំពោះការរីកចម្រើនយ៉ាងសំខាន់មួយ ដែលបានកើតឡើង ក្នុងការធ្វើសេរីភាវូបនីយកម្ម និងការលុបបំបាត់ពន្ធគយក្នុងអាស៊ាន។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ពន្ធលើការនាំចូល ៩៩,២% នៃបន្ទាត់ពន្ធ ATIGA របស់ប្រទេសប៊្រុយណេដារូសាឡឹម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី និងថៃ (អាស៊ាន៦) ត្រូវបានលុបបំបាត់ ក្នុងខណៈពេលដែលពន្ធនាំចូល៩០,៩%នៃបន្ទាត់ពន្ធ ATIGA របស់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) ត្រូវបានលុប។ ជារួម ៩៦,០១% នៃបន្ទាត់ពន្ធទាំងអស់ នៅក្នុងអាស៊ានត្រូវបានលុបបំបាត់រួចហើយ។
រហូតដល់ឆ្នាំ២០១៨ ចំនួនភាគរយ នៃការលុបបំបាត់ពន្ធសម្រាប់ប្រទេសអាស៊ានទាំង៦, ប្រទេស CLMV និងអាស៊ាននឹងមានទៅដល់៩៩,២០%, ៩៧,៨១%, និង ៩៨,៦៧%។ ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានធ្វើការផ្លាស់ប្តូរទស្សនៈ ទៅលើការអភិវឌ្ឍពិភពលោក នាពេលបច្ចុប្បន្ន និងឥទ្ធិពលរបស់វា ទៅលើដំណើរការសេដ្ឋកិច្ច និងសមាហរណកម្មរបៀបវារៈនៅក្នុងតំបន់។
គួរឱ្យកត់សម្គាល់ផងដែរថា ជារួមអាស៊ានបានសម្រេចនូវ សមិទ្ធិផលសំខាន់ៗ និងល្អៗជាច្រើន នៅក្នុងសមាហរណកម្មគំនិត ផ្តួចផ្តើមក្នុងតំបន់។ គួរបញ្ជាក់ផងដែរថា ឆ្នាំ២០១៦ គឺជាឆ្នាំមួយ នៃបើកឱ្យដំណើរការ នូវសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)៕