(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣នេះ បញ្ជូនជនសង្ស័យចំនួន២នាក់ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធករណីលួច និងប្រើប្រាស់គ្រឿងញៀន។
ជនសង្ស័យទាំង២នាក់នេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ សហការជាមួយការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនករណីលួចម៉ូតូ (មានស្ថានទម្ងន់ទោស) និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ប្រព្រឹត្តកាលពីវេលាម៉ោង០៦និង៤០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្រោយវិទ្យាល័យអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ យ៉ុត រតនា (ហៅ ហៀង ឬ ហ៊ា) ភេទប្រុស អាយុ២៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២៖ ឈ្មោះ យ៉ុន តុលា ភេទប្រុស អាយុ៣៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបន្តថា នៅវេលាកេីតហេតុជនសង្ស័យមានគ្នាចំនួន០២នាក់ បានធ្វើសកម្មភាព ដោយយកកាំបិតភ្ជង់គំរាមយកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1T- 0114 របស់ជនរងគ្រោះឈ្មោះ គង់ ភក្ត្រា ភេទប្រុស អាយុ១៧ឆ្នាំ ពេលកំពុងជិះទៅសាលារៀន។ បន្ទាប់ធ្វេីសកម្មភាពជនសង្ស័យទាំង២នាក់បានជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់ស្រមោល។ ក្រោយពីទទួលបានពាក្យបណ្ដឹងពីម្ដាយជនរងគ្រោះរួចកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានសហការជាមួយការិយាល័យជំនាញ និងសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនៅចំណុចកាស៊ីណូនាគទិព្វ១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់យកនូវវត្ថុតាង ម៉ូតូខាងលើ ហើយយកមកសួរនាំ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយជនសង្ស័យឈ្មោះ យ៉ុត រតនា (ហៅ ហៀង ឬ ហ៊ា) បានសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ ផ្អែកលេីចម្លេីយសារភាព និងវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្រ្កាបករណីខាងលើមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅសៀលថ្ងៃអាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០២៣នេះ អនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ប្រគល់ជូនម្ចាស់ដេីមវិញហេីយ៕