(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនលោក សំ ព្រហ្មនី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងជន្មាយុ៨១ឆ្នាំ ដោយរោគាពាធ។

ក្នុងលិខិតរំលែកទុក្ខដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានសម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយាមានក្ដីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវជាឪពុករបស់ឯកឧត្តម បានទទួលមរណភាពកាលពីវេលាម៉ោង ១៣៖០០នាទី រសៀល ថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ខែសីហា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមសម្តែងនូវការសោកស្តាយ ស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយឯកឧត្តម និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ ឯកឧត្តម សំ ព្រហ្មនា ដែលត្រូវជាឪពុក ឪពុកក្មេក ជីតា ពោរពេញដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត ចំពោះកូនៗ ចៅៗជាទីស្រឡាញ់។

មរណភាពរបស់ឯកឧត្តម សំ ព្រហ្មនា ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជនមួយរូប ដែលលះបង់ កម្លាំងកាយ ចិត្តនិងបញ្ញាស្មារតី ចូលរួមចំណែកការពារការគោរពរដ្ឋធម្មនុញ្ញ ការបកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់នានា ការលើកកម្ពស់នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ដើម្បីការពារឯករាជ្យ អធិបតេយ្យ បូរណភាព ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំ និងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម សំ ព្រហ្មនា សូមឆាប់បានចាប់ កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំពី ខ្ញុំ និងភរិយា៕