(ប៉ៃលិន)៖ ដោយមានមន្រ្តីតំណាងក្រសួងមហាផ្ទៃ ចុះទៅសម្របសម្រួល ស្ទាបស្ទង់ពីជម្រើសរបស់ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិភ្នំដំបង សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ គេសង្កេតឃើញមានប្រជាពលរដ្ឋទាំងអស់ បានផ្តិតមេដៃ សុំការរស់នៅដោយស្របច្បាប់ ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលសង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
តាមផែនទីព្រំប្រទល់រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង គឺភូមិភ្នំដំបងស្ថិតនៅក្នុងឃុំមានជ័យ ស្រុកសន្លូត ខេត្តបាត់ដំបង ប៉ុន្តែចាប់តាំងពីការកកើតភូមិភ្នំដំបងមកម្ល៉េះ ប្រជាជនក្នុងភូមិនេះ ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលសង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបានកសាងនូវផ្លូវថ្នល់ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក្នុងភូមិភ្នំដំបងនេះផងដែរ។
កន្លងមកអាជ្ញាធរខេត្តប៉ៃលិន ក៏បានសុំការគ្រប់គ្រងនៅលើភូមិភ្នំដំបង នេះដោយស្របច្បាប់ ប៉ុន្តែមិនមានការឯកភាពពីខាងខេត្តបាត់ដំបងទេ រហូតមកដល់ពេលនេះ ទើបតំណាងក្រសួងមហាផ្ទៃ ធ្វើការចុះសម្របសម្រួល និងស្ទាបស្ទង់ពីជម្រើសរបស់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិភ្នំដំបងនេះថា តើពួកគាត់ចង់រស់នៅក្រោមការគ្រប់គ្រងរបស់ រដ្ឋបាលឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ឬចង់រស់នៅក្រោមការគ្រប់គ្រង របស់រដ្ឋបាលសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជាលទ្ធផល គេសង្កេតឃើញមានប្រជាពលរដ្ឋទាំងអស់២៤២គ្រួសារ ស្មើនឹង១២៧៥នាក់ បានផ្តឹមេដៃសុំរស់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលសង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ដោយឡែកលោក សួន អន់ ចៅសង្កាត់អូរតាវ៉ៅ បានលើកឡើងថា កាលពីមុន ឃុំមានជ័យមិនទទួលស្គាល់ប្រជាពលរដ្ឋ ក្នុងភូមិភ្នំដំបង នេះទេ ហើយក៏មិនអើពើអ្វីនឹងពួកគាត់នៅទីនេះដែរ តែនៅពេលដែលមានផ្លូវ មានស្ពាន មានសាលារៀន គ្រប់គ្រាន់ ឃុំមានជ័យចង់ទាមទាការគ្រប់គ្រងវិញ ដោយសម្អាងលើផែនទីព្រំប្រទល់ខេត្តទាំងពីរ៕