(កំពង់ឆ្នាំង)៖ លោកបណ្ឌិត សឹង សំណាង សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់លែង និងលោកស្រី អ៊ូ សិទ្ធិរី ព្រមទាំងបុត្រ និងកូនចៅ អមដំណើរដោយលោកបណ្ឌិត ឈូន ថាវរិន្ទ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់លែង លោក កែវ ពៅ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ឆ្នាំង និងអស់លោក លោកស្រីជាសមាជិកក្រុមការងារចុះមូលដ្ឋានភូមិ ឃុំ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានមូលមតិគ្នាដង្ហែទៀនចំណាំវស្សាទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ នេះ មានសទ្ធាជ្រះថ្លានាំយកនូវនូវទៀនចំណាំព្រះវស្សាចតុបច្ច័យ ទេយ្យទាន និងគ្រឿងបរិក្ខាផ្សេងៗទៀត ប្រគេនជូនវត្តចំនួន១០ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ដោយឡែក វត្តវាលុកថុល្លារាម ហៅវត្តទួលខ្សាច់ស្ថិតក្នុងស្រុករលាប្អៀរ ស្ដិតក្នុងចំណោមវត្តទាំង១០ លោកបណ្ឌិត សឹង សំណាង បានដឹកនាំក្រុមការងារនាំយកចតុបច្ច័យចំនួន ២លាន៤សែនរៀល ទេយ្យទាន និងគ្រឿងបរិក្ខាជាច្រើនមុខទៅប្រគេនព្រះសង្ឃក្រោមបរិយាកាសអធិកអធមក្រៃលែង។

នៅវេលាព្រឹកនោះព្រះសង្ឃ និងគណ:កម្មការវត្តទាំង៩ បាននិមន្ត និងអញ្ជើញមកជួបជុំគ្នានៅវត្តគិរីសុវណ្ណក្នុងសង្កាត់ត្រងិលដើម្បីចូលរួមពិធីប្រគេនទៀនចំណាំព្រះវស្សាតាមគន្លងសាសនាក្រោមអធិបតីភាពលោកបណ្ឌិត សឹង សំណាង សមាជិកគណ:កម្មាធិការបក្សប្រជាជន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់លែង ។ ឆ្លៀតឱកាសនោះលោកបណ្ឌិតបានថ្លៃងអំណរគុណចំពោះលោកតា លោកយាយ ដែលបានអញ្ជើញទៅបោះឆ្នោតហើយគាំទ្រគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យតាងត្រចះត្រចង់ ។  លោកបានបន្តថាពេលនេះយើងត្រូវបន្តថែរក្សាសុខសន្តិភាពនិងសិទ្ធិសេរីភាពដែលយើងធ្លាប់មាននិងរស់ក្រោមការដឹកនាំរបស់គណបក្សប្រជាជនតទៅទៀត ។

បន្ទាប់មកលោកបណ្ឌិត សឹង សំណាង និងក្រុមគ្រួសាររួមជាមួយអស់លោក លោកស្រី បានប្រគេនទៀនចំណាំព្រះវស្សា ចតុបច្ច័យចំនួន ១លាន ១សែនរៀលសម្រាប់មួយវត្ត និងទេយ្យវត្ថុមានដូចជាអង្ករ ១០០គ.ក្រ ប្រេងចំនួន ៣០ លីត្រ ប្រេងឆា ទឹកស៊ីអ៊ីវ ទឹកត្រី ស្កសរ ទឹកសុទ្ធ ទឹកដោះគោ ទឹកក្រូច និងគ្រឿងបរិក្ខាផ្សេងទៀតជាច្រើនមុខ ។

ព្រះចៅអធិវត្តទាំង៩ ក៏បានប្រគេនពរជូនលោកបណ្ឌិត សឹង សំណាង និងលោកស្រី អ៊ូ សិទ្ធរី ព្រមទាំង បុត្រ និងកូនចៅ លោកបណ្ឌិត ឈួន ថាវរិន្ទ លោក កែវ ពៅនិងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែងទាំងអស់ សូមមានសុខភាពល្អ បរិបូរណ៍ ជោគជ័យគ្រប់កិច្ចការងារ សំណាងល្អ ទេវតាថែរក្សាជានិច្ច និងជួបនូវពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕