(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខជូន លោក សារ៉ាក់ ខាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកស្រី ចំពោះមរណភាពរបស់ឧបាសិកា កែវ ណាន ត្រូវជាម្តាយបានទទួលមរណភាព នៅថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២:៣៣ នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំ និងសោកស្ដាយក្រោយទទួលដំណឹងថាឧបាសិកា កែវ ណាន ត្រូវជាម្តាយរបស់ឯកឧត្តម ដែលបានទទួលមរណភាព នៅថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២:៣៣ នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមសម្តែងនូវការសោកស្តាយ ដោយក្តីអាឡោះអាល័យ ជាមួយឯកឧត្តម និងក្រុមគ្រួសារ ចំពោះការបាត់បង់ឧបាសិកា កែវ ណាន ដែលកន្លងមកក្នុងឆាក ជីវិតរបស់ឧបាសិកាបានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតារហូតក្លាយជាបញ្ញាវ័ន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។ ទោះបីរូបកាយរបស់ឧបាសិកា បានបាត់បង់ ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្ដកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

ខ្ញុំ និងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា កែវ ណាន សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមឯកឧត្តម ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ និងភរិយា៕