(ភ្នំពេញ)៖ នៅក្នុងការបោះឆ្នោតរដ្ឋសភា នៃនីតិកាលទី៧ ឆ្នាំ២០២៣ ដ៏ប្រពៃថ្លៃថ្លានេះ យើងឃើញថា ជារបត់ប្រវត្ដិសាស្រ្ដថ្មីមួយនៃប្រវត្ដិសាស្រ្ដសម័យទំនើបនេះ ដោយប្រជាពលរដ្ឋខ្មែរមិនត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសក៏បានហោះហើរមកជួបជុំគ្នាក្នុងស្រុកកំណើតរបស់ខ្លួន ដើម្បីចេញទៅបោះឆ្នោត ប្រកបដោយទឹកមុខញញឹម ស្រស់ស្រាយ សប្បាយរីករាយ ដោយបានបោះឆ្នោតគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីដល់ឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីបន្ដវេនពីសម្ដេចតេជោ ហ៊ុន សែន ដែលនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។
តើឯកឧត្ដមនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត មានវីរភាពដ៏ធំធេងជាប្រវត្ដិសាស្រ្ដដល់ជាតិ មាតុភូមិ និងប្រជាជនអ្វីខ្លះ?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងកត់សម្គាល់ថា នៅក្នុងរបត់ប្រវត្ដិសាស្រ្ដថ្មីនៃការបោះឆ្នោតរដ្ឋសភានៃនីតិកាលទី៧ដ៏ឧត្ដុង្គឧត្ដមនេះ បើនិយាយអំពីវីរភាពដ៏ធំធេងរបស់ឯកឧត្ដមនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ដែលជាកុលបុត្រខ្មែរដ៏ឆ្នើម ពោរពេញដោយសមត្ថភាព មានភាពសាមញ្ញញញឹម រួសរាយរាក់ទាក់ មានកេរ្តិ៍ឈ្មោះល្អទាំងក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក គឺមានស្នាដៃបម្រើជាតិមាតុភូមិ និងប្រជាជន យ៉ាងច្រើនចំពោះប្រជាជាតិរបស់ខ្លួន។
បើពោលឲ្យខ្លី យើងអាចសង្ខេបអំពីគុណបំណាច់ស្នាដៃរបស់ឯកឧត្ដមនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ដែលមានវីរភាពដ៏ធំធេងជាប្រវត្ដិសាស្រ្ដដល់ជាតិ មាតុភូមិ ដែលប្រជាជាតិខ្មែរ ទាំងក្នុង និងក្រៅប្រទេសចងចាំមិនអាចបំភ្លេចបាននូវព្រឹត្ដិការណ៍បីធំៗគឺ៖
ទី១៖ ព្រឹត្តិការណ៍សង្រ្គាមនៅប្រាសាទព្រះវិហារ គឺនៅក្នុងសង្រ្គាមតំបន់ព្រំដែនបា្រសាទព្រះវិហារដែលបង្កទ្បើងដោយកងទ័ពថៃចូលឈ្លានពាននៅខែកុម្ភះ ឆ្នាំ២០១១ កូនប្រុសច្បងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ឯកឧត្ដម ហ៊ុន ម៉ាណែត ត្រូវបានមតិជាតិ និងអន្ដរជាតិស្គាល់យ៉ាងច្បាស់ថា ជាមេទ័ពដឹកនាំផ្ទាល់ក្នុងសមរភូមិភ្លើងសង្គ្រាម ដ៏មោះមុតនិងអង់អាចក្លាហានជាទីបំផុត ព្រោះជាសង្រ្គាមក្តៅទ្រង់ទ្រាយធំ នៅសម័យទំនើបនេះរវាងកងទ័ពកម្ពុជា-ថៃ។
អ្វីដែលគួរឲ្យកត់សម្គាល់ថែមទៀតនោះ កាសែតថៃដ៏ល្បីល្បាញ ឌឹណេហ្សិន The Nation បានផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១១ ដោយពណ៌នាថា លោក ហ៊ុន ម៉ាណែត ជាអ្នកទទួលខុសត្រូវដឹកនាំក្នុងសមរភូមិសង្រ្គាមផ្ទាល់នៅតំបន់ក្បែរប្រាសាទព្រះវិហារ។ កាសែត ឌឹណេហ្សិន ក៏បានដកស្រង់ប្រភពយោធាថៃមួយបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ប្រហែលអាចរងរបួសក្នុងការប្រយុទ្ធគ្នា ព័ត៌មាននេះត្រូវបានសម្ដេចតេជោ ហ៊ុន សែន បដិសេធថា មិនពិតទេ។ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា កូនប្រុសលោកពិតជាអ្នកដឹកនាំប្រយុទ្ធក្នុងសង្រ្គាមតំបន់ជម្លោះព្រំដែន។
ទន្ទឹមនឹងនេះកាសែតថៃ បាងកកប៉ុស្តិ៍ Bangkok Post ក៏បានផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១១ បានឲ្យដឹងផងដែរថា សង្គ្រាមនៅតំបន់ក្បែរប្រាសាទព្រះវិហារ បានធ្វើឲ្យកងទ័ព និងប្រជាជនថៃ ស្គាល់លោក ហ៊ុន ម៉ាណែត យ៉ាងច្បាស់ ។
ទី២៖ ព្រឹត្ដិការណ៍ប្រយុទ្ធប្រឆាំងសង្រ្គាមមេរោគកូវីដ-១៩ គឺនៅក្នុងកាលៈទេសៈ ដែលអាយុជីវិតរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងស្ថិតនៅគែមមាត់ជ្រោះមរណៈ បណ្ដាលមកពីមេរោគកូវីដ-១៩ យើងឃើញឯកឧត្ដម ហ៊ុន ម៉ាណែត និងភរិយា បានក្រោកឈរតតាំងមិនរាថយនំាមុខគេឈរជើង ក្នុងការដឹកនំាក្រុមគ្រូពេទ្យជួរមុខរាប់ពាន់នាក់ ដើម្បីប្រយុទ្ធប្រឆំាងទប់ស្កាត់នឹងសត្រូវគ្មានរូបរាងកូវីដ-១៩ ដែលជាមេរោគចង្រៃដ៏កាចសាហាវ ដែលបានសម្លាប់ប្រជាជនខ្មែរគ្មានរើសមុខ។ នេះសឲ្យឃើញថាឯកឧត្ដម ហ៊ុន ម៉ាណែត និងភរិយា ពិតជាកុលបុត្រកុលធីតាខ្មែរដ៏ឆ្នើមដែលប្រជាជាតិខ្មែរចងចំានិងដក់ជាប់ក្នុងបេះដូងមិនអាចបំភ្លេចបាន។
ស្ថិតក្នុងបុព្វហេតុនេះឯកឧត្ដម ហ៊ុន ម៉ាណែត និងភរិយា បានក្លាយជាមេទ័ពដឹកនាំកងទ័ពអាវសជួរមុខដែលប្រជាពលរដ្ឋទូទៅ គោរពឲ្យតម្លៃ និងលើកតម្កើងដោយការកោតសរសើរលើវីរភាពដ៏ថ្លៃថ្លា ដែលហ៊ានយកអាយុជីវិតមកតទល់ ប្រឈមនឹងគ្រោះថ្នាក់ដែលបង្កឡើងដោយមេរោគកូវីដ-១៩ ចង្រៃនេះ ដើម្បីការពារសុខភាពនិងអាយុជីវិតប្រជាពលរដ្ឋជាធំ ដោយមិនគិតពីគ្រោះថ្នាក់ដល់ជីវិតខ្លួនឯង។
ទី៣៖ បណ្ដុះព្រលឹងស្មារតីវប្បធម៌ខ្មែរពីសម័យចក្រភពអង្គរឲ្យរស់ទ្បើងវិញ គឺយើងឃើញថាក្នុងឋាន:ឯកឧត្ដម ហ៊ុន ម៉ាណែត ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបណ្ដុះព្រលឹងស្មារតីវប្បធម៌ខ្មែរ ទាំងក្នុងនិងក្រៅប្រទេសទាំងអស់ ដែលបាននិរាសព្រាត់ប្រាស់គ្នាដោយសារសង្រ្គាមពីអតីតកាល គឺជាសាច់សាលោហិតខ្មែរតែមួយទ្បើងវិញ ដោយមិនប្រកាន់វណ្ណ: ពណ៌សម្បុរ ជំនឿសាសនា និងនិន្នាការនយោបាយអ្វីទ្បើយ ពិសេសការដាក់បញ្ចូលក្បាច់គុនល្បុក្កតោ ដែលជាកេរ្ដិ៍មរតកដូនតាខ្មែរដ៏អស្ចារ្យតាំងពីបុរាណរៀងមក នៅក្នុងវិស័យកងទ័ព។
លោក រ័ត្ន សណ្ដាប់ បញ្ជាក់ថាចំពោះវីរភាពដ៏ធំធេងរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត ដ៏ប្រពៃថ្លៃថ្លាទាំងនេះបើយើងនឹកថយក្រោយបន្ដិច កាលពីឆ្នាំ១៩៩៩ ក្នុងពេលដែលសម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅដល់ទីក្រុងញូវយ៉ក-New York ដើម្បីចូលរួមអបអរសាទរក្នុងឱកាសប្រគល់សញ្ញាបត្ររបស់កុលបុត្រ ហ៊ុន ម៉ាណែត គឺសម្ដេចតេជោ បានថ្លែងប្រាប់ដល់អ្នកកាសែតយ៉ាងច្បាស់ៗនាពេលនោះថា ចំពោះការបញ្ចប់ការសិក្សារបស់កូនប្រុសសម្ដេច នៅ West Point Academy ដែលត្រូវបានឧបត្ថម្ភការសិក្សាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនាពេលនោះ គឺជាភ័ព្វសំណាង និងជាមោទនភាពសម្រាប់កម្ពុជាទាំងមូល។
នេះសឲ្យយើងឃើញថា កុលបុត្រ ហ៊ុន ម៉ាណែត គឺជាមរតកទ្រព្យសម្បត្តិរបស់ជាតិ ដែលជាកម្លាំងចលករនៃក្តីសង្ឃឹម របស់ថ្នាក់ដឹកនាំប្រទេសដែលមានភាពស្មោះត្រង់បំផុតចំពោះជាតិ មាតុភូមិ និងប្រជាជន។
ដូច្នេះចំពោះប្រទេសជាតិក្នុងពេលនេះ ប្រៀបបានទៅនឹងសួនផ្កាដ៏ស្រស់បំព្រងមួយ ហើយដែលកុលបុត្រកុលធីតាខ្មែរប្រៀបបាននឹងផ្កាមួយទងៗដែលទងនីមួយៗកំពុងរីកផ្កាយ៉ាងស្គុសស្គាយ សាយភាយក្លិនក្រអួបផ្សេងៗគ្នា មានពណ៌ផ្សេងគ្នា មានទំហំផ្សេងគ្នា ដែលរចនាទ្បើងយ៉ាងល្អវិចិត្រ ពីស្នាដៃរដ្ឋបុរសសន្តិភាព ផ្គុំបញ្ចូលគ្នា បង្កើតបានជាសួនផ្កាដ៏ស្រស់បំព្រងមួយ ដើម្បីសេចក្ដីសុខសាន្ដត្រាណ និងការអភិវឌ្ឍជាតិ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនាសម័យទំនើបយើងនេះ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយៗទៀត បន្តរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្សតរៀងទៅ៕