(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០២៣ លោក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចុះជួបសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្សសង្កាត់ ប្រធាន អនុប្រធានសាខាបក្សភូមិ ក្រុមការងារយុវជន សកម្មជន ទូទាំងសង្កាត់ព្រែកកំពឹស និងសម្តែងការថ្លែងអំណរគុណ ចំពោះក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៧ កន្លងមក។

នាឱកាសនោះដែរ លោក រ័ត្ន ស្រ៊ាង បានថ្លែងថា ការខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋានជាការរួមចំណែកជួយដល់គណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផលឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ធានាបាននូវនិរន្តភាព សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍កាន់តែរីកចម្រើនជូនកម្ពុជា។

លោក រ័ត្ន ស្រ៊ាង ក៏បានផ្តល់ជូននូវថវិកា រួមជាមួយភេសជ្ជៈ ឧត្ថម្ភជូនដល់ក្រុមការងារសាខាគណបក្សភូមិទាំងអស់ ដើម្បីយកទៅរៀបចំពិធីជប់លៀងពិសារអាហារសាមគ្គីតាមសាលាបុណ្យភូមិនីមួយៗ ជាមួយប្រជាពលរដ្ឋតាមភូមិរៀងខ្លួន ជាការអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងនីតិកាលទី០៧នេះ៕