(កំពង់ធំ)៖ លោកស្រី ង៉ែត ណារីន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងបណ្ឌិត ឃួន សុវណ្ណ ឧត្តមទីប្រឹក្សាផ្ទាល់ សម្ដេចព្រះសង្ឃរាជ ទេព វង្ស និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំឈូក ព្រមទាំងក្រុមការងារ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃគង់ចាំវស្សានៅវត្តចំនួន០២ គឺវត្តបុទុមុន្នីរតនារាម (វត្តឈូក) និងវត្តពោធ៍អណ្តែត (វត្តបឹងខ្វែក) ដែលស្ថិតនៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
លោកស្រី ង៉ែត ណារីន ការប្រគេនទៀនព្រះវស្សា ព្រមទាំងទេយ្យវត្ថុផ្សេងៗយក មកវេរប្រគេនព្រះសង្ឃនាពេលនេះ គឺជាជាទំនៀមទម្លាប់ប្រពៃណីខ្មែរយើងតាំងពីយូរលង់ណាស់មកហើយក្នុងការចូលរួមនៅក្នុងប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សាដើម្បីប្រគេនព្រះសង្ឃដុតបំភ្លឺបូជាថ្វាយព្រះ, សិក្សារៀនសូត្រនូវគម្ពីរព្រះធម៌, វិន័យព្រះសម្មាសាម្ពុទ្ធរបស់ព្រះបរមគ្រូនៃយើង និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន សាច់សារលោហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ និងដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ។
លោកស្រីបន្តថា បច្ចុប្បន្ននេះ វិស័យព្រះពុទ្ធសាសនាមានការីកចម្រើនយ៉ាងឆាប់រហ័ស បើទោះបីជាប្រជាពលរដ្ឋរស់នៅទីណាក៏ដោយក៏មានវត្តអារ៉ាម មានព្រះវិហារ មានទីសក្ការៈបូជា សម្រាប់ឱ្យប្រជាពលរដ្ឋដែលបានគោរព និងប្រណិប័តន៍តាមព្រះពុទ្ធសាសនា ទំនៀមទំលាប់ប្រពៃណីខ្មែរ នៅក្នុងសម័យកាលដែលពោរពេញដោយសន្តិភាព ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដោយបានជំរុញឱ្យប្រជាពលរដ្ឋ ថែរក្សាប្រពៃណី វប្បធម៌ និងសាសនានៃដូនតារបស់ខ្មែរយើងឱ្យបានខ្ជាប់ខ្ជួនផងដែរ។ ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមកម្ពុជាយើង តាមរយៈការអប់រំសីលធម៌ការសិក្សាអប់រំ និងការប្រណិប័តន៍របស់ប្រជាពលរដ្ឋដែលជាពុទ្ធសាសនិកនៅតាមទីវត្តអារាមនានា ដែលជាកន្លែងសម្រាប់ការសិក្សាអប់រំរបស់យុវជនមកពីជនបទ និងនៅតាមទីក្រុងផងដែរ។
គួបញ្ជាក់ផងដែលថា ទេយ្យវត្ថុដែលបានប្រគេនមាន ចង្ហាន់ ទៀនវស្សា សំពត់ សាដក អំបិល គ្រឿងទេស ថវិកាមួយចំនួន និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតដល់ព្រះសង្ឃដែលគង់ចាំវស្សាក្នុងរយៈពេល៣ខែ៕