(ព្រៃវែង)៖ នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមជាមួយក្រុមញាតិគ្រួសារ បានអញ្ជើញប្រារព្ធពិធីបុណ្យព្រះពុទ្ធសាសនាមានកិច្ចបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធរូប រួមជាមួយទេយ្យទាន ចង្ហាន់និងបច្ច័យ ដល់ព្រះសង្ឃ៨៩អង្គដែលគង់ចាំវស្សានៅទីអារាមវត្តក្តីកណ្តាល ស្ថិតក្នុងភូមិ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

តាមរយៈកិច្ចទាំងឡាយនៃពិធីបុណ្យមានជាអាទិ៍ ព្រះសង្ឃធ្វើនមស្សការព្រះរតនត្រ័យចម្រើនព្រះបរិត្ត ជ័យន្តោ និងបង្សុកូលរួចមក លោករដ្ឋមន្រ្តី និងក្រុមញាតិគ្រួសារ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយបានធ្វើការបួងសួងឧទ្ទិសកុសលផលបុណ្យដែលកើតចេញពីពិធីបុណ្យនេះជូនដល់បុព្វការីជនមាន មាតា បិតា ជីដូន ជីតា ញាតិការប្រាំពីរសណ្តាន ពិសេសឧទ្ទិសដល់ដួងវិញ្ញាណក័្ខន្ធរបស់ឧបាសក ព្រុំ សុន និងឧបាសិកា ស៊ុន យុត ជាមាតាបិតា លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ចាន់ ស៊ីវ៉ាន់ថា ជាប្អូន និងលោកវេជ្ជបណ្ឌិត ទិត វុទ្ធី ជាក្មួយ សូមបានសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕