(ភ្នំពេញ)៖ បុគ្គលិកខារ៉ាអូខេ «អាត់ ជួង KTV» ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ត្រូវបានភ្ញៀវចោទថា លួចអាយឌី និងទូរស័ព្ទទំនើបរបស់ខ្លួន ខណៈដែលចូលទៅកំសាន្ដច្រៀងលេងសប្បាយ។ ប៉ុន្តែម្ចាស់ទីតាំងឈ្មោះ ហេង បានឆ្លើយថា ចាំឆែកកាមេ រ៉ាសុវត្ថិភាពមើលសិន ដែលមើលទៅហាក់បីមិនមានភាពទទួលខុសត្រូវនោះឡើយ។
ករណីភ្ញៀវបាត់បង់សម្ភារទូរស័ព្ទដៃ និងអាយឌីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង៩យប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីមានក្រុមសមត្ថកិច្ច ខណ្ឌឫស្សីកែវ រួមទាំងអ្នកសារព័ត៌មាន បានចូលទៅច្រៀងលេងកំសាន្ដសប្បាយ នៅក្នុងបន្ទប់លេខ១១១១។
ជនរងគ្រោះគឺជាបុគ្គលិកផ្នែកយកព័ត៌មាន នៅទូរទស្សន៍ខ្មែរប៉ុស្ដិ៍លេខ៩ បានឲ្យដឹងថា មុនចូលច្រៀងនោះ លោកមានសម្ភារដូចជា ទូរស័ព្ទដៃ៣គ្រឿង ព្រមទាំងវិទ្យុទាក់ទង២គ្រឿង ទាំងថវិកាបន្តិចបន្តួចផងដែរ។ ជនរងគ្រោះបានឲ្យដឹងទៀតថា ទូរស័ព្ទដៃ២គ្រឿង និងអាយកូម១គ្រឿង រួមទាំងថវិកាមិនត្រូវបានបាត់បង់នោះឡើយ។ ដោយឡែកអាយឌីមួយគ្រឿង និងទូរស័ព្ទដៃទំនើបម៉ាកសាំសុង តម្លៃជាង៧០០ទៅ៨០០$ បានបាត់តែម្តង ពេលស្រវឹងដេកលក់មួយសន្ទុះ។
ជនរងគ្រោះបានស្នើឲ្យមានកិច្ចអន្តរាគមន៍ ពីមន្ត្រីនគរបាលខណ្ឌឫស្សីកែវ ដើម្បីស្រាវជ្រាវ ក៏ដូចជាម្ចាស់ទីតាំងអាជីវកម្មខារ៉ាអូខេផ្ទះសំណាក់ «អាត់ជួង» លោក ហេង គួរមានដំណោះស្រាយដើម្បី ជៀសវាងការរិះគន់ពីភ្ញៀវដែលចូលទៅលេងកំសាន្ដសប្បាយនៅទីកន្លែងនោះ។ ពាក់ព័ន្ធករណីបាត់បង់សម្ភាររបស់បុគ្គលិក យកព័ត៌មានទូរទស្សន៍ខ្មែរប៉ុស្ដិ៍លេខ៩នេះ លោក ហេង ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាម្ចាស់អាជីវកម្មផ្ទះសំណាក់ខារ៉ាអូខេ អាត់ ជួងបានប្រាប់ភ្នាក់ងារ Fresh News ថា ចាំឲ្យគេឆែកកាមេរ៉ាសុវត្ថិភាពមើលសិន។ ជនរងគ្រោះក៏បានផ្តាំទៅប្រជាពលរដ្ឋដទៃទៀត បើសិនចង់ចូលច្រៀងនៅក្នុងខារ៉ាអូខេមួយនេះ សូមប្រុងប្រយ័ត្នផង៕