(បាភ្នំ-ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ រួមជាមួយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យដកពិសោធន៍ការងារបោះឆ្នោតជាតិឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានស្រុក លោក លោកស្រី ជាថ្នាក់ដឹកនាំគណបក្សស្រុក ឃុំ ភូមិ សរុបអ្នកចូលរួមជាង ៤០០នាក់ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សស្រុកបាភ្នំ។
បន្ទាប់ពីលោក ម៉ៅ អ៊ាង ប្រធានគណៈកម្មាធិការគណបក្សស្រុក បានធ្វើសេចក្តីរាយការណ៍ពីស្ថានភាពទូទៅ និងលទ្ធផលការងារបោះឆ្នោតនៅស្រុកបាភ្នំទាំងមូលរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារ បានថ្លែងមតិក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាកោតសរសើរ វាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ស្នាដៃ និងថ្លែងអំណរគុណដល់កម្លាំងសរុបរបស់ក្រុមការងារនៅគ្រប់លំដាប់ថ្នាក់ ដែលបាននិងកំពុងខិតខំបំពេញការងារយ៉ាងសកម្មនៅតាមមូលដ្ឋានរៀងៗខ្លួន ខិតខំដណ្តើមជ័យជំនះគ្រប់មុខសញ្ញា។ ប្រការនេះជាការចូលរួមចំណែកយ៉ាងសកម្មជាមួយកម្លាំងទូទាំងប្រទេសជួយឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧នាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ថ្មីៗនេះ។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថាការគាំទ្រយ៉ាងរឹងមាំ និងដោយឥតងាករេសាជាថ្មីម្តងទៀតរបស់ប្រជាជននៅទូទាំងប្រទេសចំពោះគណបក្សប្រជាជនកម្ពុជា គឺជាសក្ខីភាពបង្ហាញយ៉ាងប្រត្យក្សពីជំនឿជឿជាក់ឥតងាករេរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតចំពោះមគ្គុទ្ទេសភាពដ៏ត្រឹមត្រូវ ឈ្លាសវៃ ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជានាពេលឆាប់ៗនេះ ក្នុងបុព្វហេតុយូរអង្វែងនៃសុខសន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យ និងវិបុលភាព សម្រាប់អនាគតរុងរឿងថ្កុំថ្កើងរបស់កម្ពុជាជារៀងដរាប។
ហេតុនេះ ដើម្បីបន្តរក្សាប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជាយើង និងដណ្តើមបានបេះដូងរបស់ប្រជាជនជារៀងរហូត លោករដ្ឋមន្ត្រីប្រធានក្រុមការងារស្រុក បានជំរុញលើកទឹកចិត្តឱ្យសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តពុះពារបំពេញសម្រេចឱ្យបានល្អនូវភារកិច្ចនយោបាយរបស់ខ្លួនតាមគ្រប់មុខសញ្ញា គ្រប់ពេលវេលា គ្រប់ទីកន្លែងដោយត្រូវចុះជាប់មូលដ្ឋានជាប្រចាំផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជន សំដៅពង្រឹងសុខសុវត្ថិភាពសហគមន៍មូលដ្ឋាន ដែលជាចំណែកសំខាន់ដល់ការថែរក្សាសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពសម្រាប់កម្ពុជា៕