(ភ្នំពេញ)៖ សមាគមរាជសីហ៍ បានសង្កេតឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ កាលពីថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ បានប្រព្រឹត្តយ៉ាងត្រឹមត្រូវទៅតាមប្រតិទិន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយស្ថិតក្នុងបរិយាកាសនយោបាយអព្យាក្រឹត សេរី យុត្តិធម៌ និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ។
សមាគមរាជសីហ៍ បានថ្លែងថា អ្នកដែលមានសិទ្ធិបោះឆ្នោត បានអញ្ជើញទៅចូលរួមបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនីមួយៗ នៅទូទាំងប្រទេស ក្នុងបរិយាកាសសណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា ឬការគម្រាមកំហែងណាមួយឡើយដើម្បីជ្រើសរើសតំណាង ឬគណបក្សនយោបាយណា មួយដែលខ្លួនពេញចិត្ត។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន សមាគមរាជសីហ៍ បានគូសបញ្ជាក់ថា៖ «ក្នុងនាមជាភាគីមួយដែលបានចូលរួមសង្កេតការណ៍តាំងពីដំណាក់កាលដំបូងរហូតដល់ពេលនេះ សូមប្រកាសជាឧឡារិកគាំទ្រចំពោះលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ»។
ជាមួយគា្ននេះ សមាគមរាជសីហ៍ សូមអំពាវនាវដល់ជនរួមជាតិខ្មែរនៅទូទាំងប្រទេសទោះបីបានបោះឆ្នោតគាំទ្រគណបក្សណាមួយក៏ដោយសូមបន្តរួបរួមគ្នាជាធ្លុងមួយគោរពមតិភាគច្រើននៃលទ្ធិ ប្រជាធិបតេយ្យ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោមម្លប់បារមីដ៏ត្រជាក់នៃ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និងរួមសាមគ្គីគ្នាជាមួយរាជរដ្ឋាភិបាលអណត្តិថ្មី ដើម្បីបន្តថែរក្សារាល់សមិទ្ធផលនៃសង្គម ជាតិ ថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍមាតុភូមិឱ្យកាន់តែជឿនលឿន និងខ្លាំងក្លាឡើងដែលជាប្រយោជន៍រួមជាសារវន្តរបស់ប្រជាជាតិកម្ពុជាទាំងមូល៕