(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ បានចុះទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលេីគ្រប់វិស័យ អង្គភាពវរសេនាតូចថ្មេីរជេីងលេខ៥១១ ដែលកំពុងឈរជេីងនៅភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជិតបន្ទាត់ព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ប្រធានទំនាក់ទំនងព្រំដែនកម្ពុជាថៃ ច្រកម៉ាឡៃ តំបន់ប្រតិបត្តិការសឹករងស្រុកម៉ាឡៃ និងលោកមេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១២, ៥១៣, ៥១៤ នាយការិយាល័យទាំង៩ កងអនុសេនាធំចំណុះកងពល។
លោកមេបញ្ជាការកងពល បានទស្សនាតាមខ្លឹមសារនិមួយៗនិងបានថ្លែងកោតសរសើរដល់អង្គភាពវរសេនាតូចថ្មេីរជេីងលេខ៥១១ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ក្រៅពីនោះ បានចូលរួមបំពេញបេសកកម្មប្រតិបត្តិការសហការជាមួយកងកម្លាំងចម្រុះ ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់។
ក្នុងនោះដែរ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានដាក់ផែនការឱ្យអង្គភាពបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធ បង្កបង្កើតផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកាជួយកសាងក្នុងអង្គភាព៕