(ក្រចេះ)៖ កម្លាំងចម្រុះ ដឹកនាំដោយលោកស្រី សុខ សុផាត អភិបាលរងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានដឹងនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ ក្នុងបឹងធម្មជាតិ ដោយរឹបអូសវត្ថុតាងបទល្មើសនេសាទជាច្រើនបំផ្លាញចោល។

ប្រតិបត្តការនេះធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ នៅចំណុចកព្រែកបឹងធំ (កព្រែកយួន) ជាប់ព្រំប្រទល់រវាងឃុំកំពង់គរ និងឃុំតាម៉ៅ ស្រុកព្រែប្រសព្វ ខេត្តក្រចេះ។

លោក ម៉ុក ពន្លក នាយខណ្ឌជលផលក្រចេះ បានឱ្យដឹង នៅព្រឹកថ្ងៃទី៦ ខែសីហានេះ ថា កម្លាំងចម្រុះចូលរួមបង្រ្កាបរួមមាន៖ ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានសហការជាមួយគណៈបញ្ជាការឯកភាពស្រុក ព្រែកប្រសព្វ,ក្រុមប្រឹក្សាឃុំកំពង់គរ និងឃុំតាម៉ៅ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់គរ-តាម៉ៅ កម្លាំងសហគមន៍នេសាទតាម៉ៅ និងប្រជាការពារកំពង់គរ។

ក្នុងការចុបង្រ្កាបនេះជាលទ្ធផលសម្រេចបាន ដោយធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់រួមមាន៖ របាំងសាច់អួនក្រឡាញឹក(សាច់កាវ)ដាក់បាំងជិតចំណុចកព្រែកយួន ចំនួន១១កន្លែង (១១ខ្សែ) ប្រវែង៤១០ម ,លបសាច់អួនក្រឡាញឹក (សាច់កាវ) ចំនួន ១២គ្រឿង, លបប្រឹស១០០ ចំនួន ០៦គ្រឿង ប្រវែង៦០ ក្រលាលា០៤-០៥សម, បង្គោលចម្រឹងឈើ-ប្ញស្សីចំនួន៣០០ដើម និងចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិ ប្រមាណ១៥គក្រ។

លោក ម៉ុក ពន្លក បានបញ្ជាក់ថា ក្នុងនាមសមត្ថកិច្ចជំនាញ សូមអំពាវនាវដល់ប្រជានេសាទទាំងអស់ កុំឱ្យពួកគាត់ប្រើឧបករណ៍នេសាទខុសច្បាប់ ដូចជាឆក់ ស្បៃមុង ដែលបំផ្លាញធនធានជលផលធ្ងន់ធ្ងរ សូមឱ្យបងប្អូននេសាទជាលក្ខណៈគ្រួសារ ដើម្បីរក្សាធនធានឱ្យមាននិរន្តភាពសម្រាបបច្ចប្បន្ន និងទៅអនាគតហើយសូមប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ជួយផ្ដល់ព័ត៌មានស្ដីពីបទល្មើសជលផលដើម្បីឱ្យសមត្ថកិច្ចជលផល និងអាជ្ញាធរពាក់ព័ន្ធចុះបង្រ្កាបទាន់ពេលវេលា៕