(ភ្នំពេញ)៖ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងកាទូតកម្ពុជា-ចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនដើមអង្គាបុស្បមួយដើម ដល់លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្រាប់ដាំក្នុង «សួនមិត្តភាពចិន-កម្ពុជា»។ នេះបើតាមការបញ្ជាក់នៅក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូន លោក វ៉ាង វិនធាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣។
តាមរយៈសារលិខិតនោះ សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖
«ក្នុងឱកាស «ឆ្នាំមិត្តភាពកម្ពុជា-ចិន» និងជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមផ្តល់ជូនដើមអង្គាបុស្បមួយដើម សម្រាប់ដាំក្នុង «សួនមិត្តភាពចិន-កម្ពុជា»។
ដើមអង្គាបុស្ប ដែលមានឈ្មោះវិទ្យាសាស្ត្រ Millingtonia hortensis Lf ជាប្រភេទដើមឈើ ដែលអាចមានកម្ពស់ ចាប់ពី១៨ម៉ែត្រ ទៅ២៥ម៉ែត្រ មានអាយុកាលយូរអង្វែង មានម្លប់ត្រឈឹងត្រឈៃ និងមានផ្កាពណ៌ស ក្រអូបប្រហើរ ដូចគ្នានឹងទំនាក់ទំនងដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដែលកំពុងបន្តរីកចម្រើនទៅមុខជាមិត្តភាពដែកថែប។
ខ្ញុំជឿជាក់យ៉ាងមុតមាំថា ដើមអង្គាបុស្បដែលនឹងចាក់ឫសនៅក្នុង «សួនមិត្តភាពចិន-កម្ពុជា» ក្នុងឆ្នាំ២០២៣នេះ នឹងក្លាយជានិមិត្តរូបមួយទៀតនៃចំណងមិត្តភាពប្រពៃណីរវាងកម្ពុជា-ចិន ដែលត្រូវបានពូនជ្រំ និងថែរក្សាយ៉ាង យកចិត្តទុកដាក់ពីមួយជំនាន់ទៅមួយជំនាន់។
រីឯការរីកលូតលាស់ជានិរន្ត នឹងក្លាយជាសក្ខីភាពនៃនិរន្តរភាព គោលនយោបាយរបស់កម្ពុជាចំពោះប្រទេសចិន។ មិត្តភាពដ៏ស្មោះត្រង់ និងនិរន្តរភាពគោលនយោបាយដែលមាន ឫសគល់អន្តរជំនាន់ដ៏រឹងមាំ នឹងផ្តល់ជាផ្លែផ្កា ដែលមានឧត្តមភាព និងកិត្យានុភាពសុះសាយ ដូចពិដោរក្រអូបន ផ្កាអង្គាបុស្ប ដើម្បីជាប្រយោជន៍ដល់ប្រជាជននិងប្រទេសទាំងពីរ ក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ សូមឯកឧត្តមទទួលនូវការគោរពរាប់អានពីខ្ញុំ ព្រមទាំងសូមជូនពរឯកឧត្តមបន្តមានសុខភាពល្អបរិបូណ៍ និងទទួល បានជោគជ័យគ្រប់ភារកិច្ច»។
គួរជម្រាបថា ដើមអង្គាបុស្បនោះ ត្រូវបានលោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា យកទៅប្រគល់ជូន និងរៀបចាំដាំក្នុង «សួនមិត្តភាពចិន-កម្ពុជា» រួចរាល់ហើយផងដែរ៕