(ឥណ្ឌូនេស៊ី)៖ លោក Mahyeldi Ansyarullha អភិបាលខេត្តស៊ូម៉ាត្រាខាងលិច និងលោកបណ្ឌិត Ganefri សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យរដ្ឋប៉ាដាង (UNP) បានថ្លែងការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានឈ្នះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់និតីកាលទី៧ យ៉ាងច្រើនលើសលុប កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ដែលទទួលបានអាសនៈ១២០ លើ១២៥។

ការថ្លែងអបអរសាទរចំពោះការឈ្នះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានធ្វើឡើងក្នុងពិធីចុះហត្ថលេខា លើលិខិតបញ្ជាក់សុឆន្ទៈ (Letter of Intent) រវាងរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស៊ូម៉ាត្រាខាងលិច នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ នៅសាលាខេត្តស៊ូម៉ាត្រាខាងលិច និងនៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីចុះអនុស្សារណៈ នៃការយោបយល់គ្នា រវាងសមាគមគ្រូបង្រៀនខ្មែរឥស្លាម និងមជ្ឈមណ្ឌលហាឡាល នៃ UNP មជ្ឈមណ្ឌលបណ្តុះបណ្តាលម៉ូឌែន៥ និងស្ថាប័នបញ្ជាក់សមត្ថភាពជំនាញ នៃ UNP។

ពិធីខាងលើ ធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស លោក Agung Laksono ទីប្រឹក្សាជាន់ខ្ពស់ប្រធានាធិបតីឥណ្ឌូនេស៊ី អតីតប្រធានរដ្ឋសភាជាតិឥណ្ឌូនេស៊ី និងជាអនុប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ីប៉ាស៊ីហ្វិក (CAPDI) ព្រមទាំងលោក Yasril Ananta អគ្គលេខាធិការរង នៃ CAPDI និងប្រតិភូឥស្លាមកម្ពុជាចំនួន៨៥រូប។

លោកទាំងពីរ ក៏បានបានអបអរសាទរចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវគណៈអចិន្រ្តៃយ៍ គណបក្សប្រជាជនកម្ពុជាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី ដែលនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី២២ ខែសីហាខាងមុខនេះ ខណៈសម្តេតេជោ ហ៊ុន សែន នឹងត្រូវបន្តដឹកនាំជាប្រធានព្រឹទ្ធសភា។

សូមជម្រាបជូនថា សាកលវិទ្យាល័យ UNP ជាសាកលវិទ្យាល័យធំជាងគេ នៅខេត្តស៊ូម៉ាត្រាខាងលិច ដែលបានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីបានផ្តល់ជូនឥស្សរជនជាមេដឹកនាំប្រទេសបីរូបផ្សេងទៀត រួមមាន លោកស្រី Megawati Soekarnoputri អតីតប្រធានាធិបតីឥណ្ឌូនេស៊ី លោក Jusof Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

UNP ជាគ្រឹះស្ថានឧត្តមសិក្សា ដែលមានឧត្តមភាពខ្ពស់ និងជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមសាកលវិទ្យាល័យចំនួនសរុប៣,៩៥៧ នៅប្រទេសឥណ្ឌូនេស៊ី ហើយក៏បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅទីនោះ ចំនួន៨នាក់ និងសិក្សាតាមអនឡាញចំនួន២០នាក់ផងដែរ៕