(ភ្នំពេញ)៖ សំណង់អគារដ៏ធំស្កឹមស្កៃ របស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលជាសាកលវិទ្យាល័យនាំមុខគេ ផ្នែកគុណភាពនៅកម្ពុជា បានកំពុងមមាញឹក ក្នុងការកសាងបញ្ចប់ ដើម្បីត្រៀមខ្លួន ទទួលនិស្សិតខែ្មរ ដែលនឹងត្រូវចូលរៀននៅឆ្នាំថ្មីនេះ។
អគារកំពស់៥ជាន់មានផៃ្ទក្រឡាជិត៣ម៉ឺនម៉ែត្រការ៉េ សង់លើផៃ្ទដីជិត៧ហិកតា នៅក្រុងភ្នំពេញ នឹងក្លាយជាសាកលវិទ្យាល័យធំជាងគេ បំផុតនៅកម្ពុជា។
លោកសាស្រ្តាបណ្ឌិត ខែណិត ដាន់ (Dr. Kenneth Dunn) ជាស្ថាបនិកមួយរូបរបស់ AUPP បានឲ្យដឹងថា AUPP កំពុងមមាញឹកក្នុងការកសាង អគារសិក្សាថ្មីរបស់ខ្លួន នៅកែ្បរផ្លូវ ជា សុផារ៉ា ហើយតាមគំរោង អគារនេះនឹងត្រូវកសាងបញ្ចប់នៅដើមឆ្នាំក្រោយ។
លោកសាស្រ្តាបណ្ឌិត ខែណិត ដាន់ បានបន្ថែមថា និស្សិតដែលរៀននៅ AUPP អាចមានជម្រើសពីរ៖ ទី១-ពួកគាត់អាចចំណាយពេលសិក្សាថ្នាក់ បរិញ្ញាបត្រទាំងបួនឆ្នាំនៅ AUPP ឬ និស្សិតអាចជ្រើសរើសសិក្សាមួយឆមាស ឬពីរឆមាសនៅសាកលវិទ្យាល័យរដ្ឋហ្វតហេសហរដ្ឋអាមេរិក (FHSU) ដើម្បីទទួលបានសញ្ញាបត្រពីរ (Dual Degree) ដែលសញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញដោយ FHSU ។
លោក ដាន់ បានបនែ្ថមថា ដើម្បីសម្រួលដល់ការចុះឈ្មោះចូលរៀន AUPP ចាប់ផ្តើមទទួលពាក្យរបស់ ក្មួយៗចាប់ពីថៃ្ងនេះតទៅ។
សម្រាប់ព័ត៌មានបនែ្ថម សូមទំនាក់ទំនាក់ទៅលេខ 023 99 00 23 / 012 26 66 31 ឬចូលទៅកាន់ គេហទំព័រ៖ www.aupp.edu.kh៕