(ភ្នំពេញ)៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ បានចេញមកបំភ្លឺករណីគណនី Facebook មួយឈ្មោះ Vy Lo Ve ដែលបង្ហោះរិះគន់ ពាក់ព័ន្ធយល់ច្រឡំ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន ដែលបានឃាត់ខ្លួនជនសង្ស័យ៦នាក់ និងគ្រឿងញៀនជិត៨០០គីឡូក្រាម។

ការចេញមកបំភ្លឺនេះធ្វើឡើងបន្ទាប់ពី Facebook ឈ្មោះ Vy Lo Ve បង្ហោះស្នើឱ្យអគ្គស្នងការនគរបាលជាតិ ជួយរកយុត្តិធម៌ឱ្យស្រីរបស់ខ្លួន ដែលត្រូវបានកម្លាំងសមត្ថកិច្ចប្រដាប់ដោយអាវុធ ឃាត់រថយន្តកូនស្រីរបស់គាត់ កាលពីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នៅមុខអគារព្រីន ជិតអគ្គស្នងការនគរបាលជាតិ ដែលប៉ះពាល់ដល់កិត្តិយសរបស់គាត់។

ជុំវិញការបង្ហោះរិះគន់នេះ មន្ទីរប្រឆាំងគ្រឿងញៀនបានបំភ្លឺថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបន្តការស៊ើបអង្កេតរកមុខសញ្ញាពាក់ព័ន្ធ ក្នុងករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ដែលបង្ក្រាបបានកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ឃាត់ខ្លួនជនសង្ស័យ ៦នាក់ និងរឹបអូសវត្ថុតាងគ្រឿងញៀនជាង ៧៨៩គីឡូក្រាម។ លុះនៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញ យើងបានប្រទះរថយន្ត ១គ្រឿង ដែលមុខសញ្ញាគ្រឿងញៀនធ្លាប់ជិះ កម្លាំងជំនាញក៏បានឃាត់រថយន្តនោះ ពេលពិនិត្យឃើញថា មិនមែនជាមុខសញ្ញា ហើយម្ចាស់រថយន្តប្រាប់ថា រថយន្តនេះគាត់ធ្លាប់បានជួលឱ្យជនជាតិចិន។ បន្ទាប់មកកម្លាំងជំនាញ ក៏បានសុំទោសម្ចាស់រថយន្ត និងអនុញ្ញាតឱ្យគាត់ធ្វើដំណើរបន្តទៅទៀត។

មន្ទីរប្រឆាំងគ្រឿងញៀនបាន អញ្ជើញម្ចាស់គណនីខាងលើមកអង្គភាព ដើម្បីពន្យល់ ណែនាំអំពីនីតិវិធី និងបានសុំទោស។ គាត់បានយល់ ក៏បានអរគុណដល់សមត្ថកិច្ច និងសន្យាចូលរួមសហការជាមួយសមត្ថកិច្ចផងដែរ៕