(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យលោក Gao Hucheng រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន ជួយពន្លឿនគម្រោងប្រាក់កម្ចីចំនួនពីរដែលមិនទាន់អនុម័តនៅឡើយ សម្រាប់ការស្ដារផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ២ ដែលជាផ្លូវក្រវាត់ក្រុង។ ការស្នើរបស់លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ត្រូវបានធ្វើឡើង ក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយ ក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះ នៅទីស្ដីការក្រសួង។
លោកទេសរដ្ឋមន្ដ្រី បានសម្តែងនូវការកោតសរសើរចំពោះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ការគាំទ្រ និងជួយរួមចំណែកឥតឈប់ឈរ ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ហើយលោកទេសរដ្ឋមន្ត្រី បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់ភាគីចិន ជួយពន្លឿនគម្រោងប្រាក់កម្ចីចំនួនពីរ ដែលមិនទាន់ទទួលការអនុម័តនៅឡើយ សម្រាប់ការស្តារផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ២ ដែលជាផ្លូវក្រវាត់ក្រុង។
ជាមួយគ្នានេះផងដែរ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើឲ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ជួយសម្របសម្រួលដល់ការផ្តល់ប្រាក់កម្ចីសម្បទាន ដើម្បីវិនិយោគផ្លូវល្បឿនលឿន រវាងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ក្នុងគម្រោងកសាងប្រតិបត្តិ និងផ្ទេរ (BOT)។ ជាការឆ្លើយតបលោករដ្ឋមន្ត្រី Gao Hucheng បានយល់ស្របថា ផ្លូវល្បឿនលឿននេះមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបានសន្យាបង្កើតក្រុមការងារ មួយដើម្បីតាមដានគម្រោងនេះ។
បន្ថែមពីនេះ លោកទេសរដ្ឋមន្រ្តី ក៏បានពិភាក្សាផងដែរអំពី តម្រូវការផ្តល់មូលនិធិសម្រាប់ការស្តារផ្លូវដែក ភាគខាងជើងពីក្រុងភ្នំពេញ ទៅក្រុងប៉ោយប៉ែត និងការធ្វើឲ្យប្រសើរឡើង ដល់សមត្ថភាពអាចដឹកជញ្ជូនបាន២០តោន ក្នុងមួយភ្លៅរថយន្ត ដូចផ្លូវដែកភាគខាងត្បូង។ លើសពីនេះទៀត លោក បានជម្រាបជូនលោក Gao Hucheng អំពីបំណងប្រាថ្នារបស់រដ្ឋាភិបាល ក្នុងការកសាងផ្លូវដែកថ្មី ដែលតភ្ជាប់ក្រុងប៉ោយប៉ែត និងខេត្តសៀមរាប និងខេត្តសៀមរាប ទៅទីក្រុងភ្នំពេញ។ រីឯលោក Gao មានការគាំទ្រយ៉ាងខ្លាំង លើគម្រោងទាំងនេះ ហើយនឹងបង្កើតក្រុមការងារមួយដើម្បីសិក្សារួមគ្នា លើគម្រោងទាំងនេះជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូន។
ជាចុងក្រោយ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើសុំឱ្យភាគីចិនផ្តល់ការគាំទ្រ លើការសិក្សាអំពីការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា ហើយលោក Gao Hucheng បានសម្តែងនូវការគាំទ្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធ្វើយ៉ាងណាជួយពន្លឿនដល់សំណើទាំងឡាយ និងជួយសិក្សាអំពីផ្លូវថ្នល់ ផ្លូវដែក ដែលមានស្រាប់ និងផ្លូវដែកថ្មី ដែលឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើង៕