(ត្បូងឃ្មុំ)៖ ដើម្បីថ្លែងអំណរគុណដល់ប្រជាពលរដ្ឋស្រុកអូររាំងឪ ដែលបានបោះឆ្នោត គាំទ្រយ៉ាងលើសលប់ជូនគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ លោក អ៊ាង​ សុផល្លែត​ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងលោកស្រី នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំពិធីពិសារអាហារសាមគ្គី និងការប្រគំតន្រ្តីខ្នាតយក្សមហាគ្រួសារស្រុកអូររាំងឪ។

ពិធីនេះមានការចូលរួមពីលោក ឡាន់ ឆន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងលោកស្រី, លោក ផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក សមាជិកាគណបក្ស យុវជន ស.ស.យ.ក សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅស្រុកអូររាំងឪ នៅបរិវេណវិទ្យាល័យអូររាំងឪ ដោយមានការចូលរួមពីតារាចម្រៀង និងតារាងកំប្លែងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ជូនទស្សនាដោយសេរី និងរីករាយ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានឆ្លើយតបជាវិជ្ជមាន ដោយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាបឋមចំនួន ៣៤៦៨២ លើចំនួនសន្លឹកឆ្នោតសរុប ៤៧ ១១៦ ស្មើនឹង ៨២.៦៧%។ សំឡេងគាំទ្រ គឺកើនឡើងចំនួន ២១.៩១% បើធៀបទៅនឹងឆ្នាំ២០២២ ដែលមានសម្លេងគាំទ្រត្រឹម ៦៧.៩០% ប៉ុណ្ណោះ៕