(ភ្នំពេញ)៖ សមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា (ស.វ.ស.ស.ក) បានប្រារព្ធពិធីបើក «កម្មវិធីពានរង្វាន់ស្ថាបត្យករវ័យក្មេងកម្ពុជា ឆ្នាំ២០២៣» ក្រោមប្រធានបទ «ទីក្រុងនៃក្តីស្រមៃនាពេលអនាគត» ដោយមានការចូលរួមពីលោកស្រី ធី សុវណ្ណថា អភិបាលរងក្រុងអរិយក្សត្រនៃខេត្តកណ្តាល និងលោក សេង ប៊ុនវីរៈ ប្រធានសមាគម ស.វ.ស.ស.ក នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នាសាលសន្និសិតសាកលវិទ្យាល័យ អាស៉ី អឺរ៉ុប។

ពិធីនោះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិកសមាជិកា សមាគម ស.វ.ស.ស.ក និងភ្ញៀវកិត្តិយសពីសំណាក់គណៈស្ថាបត្យករកម្ពុជា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យ ន័រតុន សាកលវិទ្យាល័យ លីមកុកវីង សាកលវិទ្យា បញ្ញាសាស្ត្រកម្ពុជា សាកលវិទ្យាល័យ វេស្ទើន និងក្រុមហ៊ុនឯកជនក្នុងវិស័យអចលនទ្រព្យ ស្ថាបត្យកម្ម និងសំណង់ រួមជាមួយនិស្សិតផ្នែកស្ថាបត្យកម្ម សរុបចំនួន ១៥០នាក់ ។

លោក សេង ប៊ុនវីរៈ ប្រធានសមាគម បានថ្លែងស្វាគមន៍ក្នុងកម្មវិធី ដោយបានកោតសរសើដល់ក្រុមការងាររៀបចំកម្មវិធីចំពោះកិច្ចខិតខំប្រឹងប្រែង និងបានថ្លែងអំណរគុណដល់វាគ្មិន សាស្ត្រាចារ្យ និងស្ថាបត្យករអាជីព ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការធ្វើជាគ្រូឧទ្ទេស និងជាគណៈកម្មការដាក់ពិន្ទុ។ លើសពីនេះទៀតសោត លោកបានលើកទឹកចិត្តដល់និស្សិត ផ្នែកស្ថាបត្យកម្មដែលចូលរួមការប្រកួត ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការបញ្ចេញស្នាដៃ និងគំនិតច្នៃប្រឌិតដែលខ្លួនមានក្នុងការប្រកួតនេះ ព្រមទាំងយកចិត្តទុកក្រេបយកចំណេះដឹង និងបទពិសោធន៍ល្អៗពីគ្រូឧទ្ទេសផងដែរ។

លោកស្រី ធី សុវណ្ណថា បានថ្លែងថា ដោយមានសេចក្តីសោមនស្ស រីករាយដែលកម្មវិធីបានជ្រើសរើសសង្កាត់៣ គឺសង្កាត់ស្វាយជ្រំ អរិយក្សត្រ និងសារិកាកែវ នៃក្រុងអរិយក្សត្រដែលទើបបង្កើតថ្មី ជាទីតាំងសម្រាប់ការប្រកួតប្រជែង និងបានកោតសរសើរ ក្រុមការងាររបស់សមាគម ដែលបានខិតខំរៀបចំកម្មវិធីដ៏មានអត្ថប្រយោជន៍នេះឡើង ព្រមទាំងបានលើកទឹកចិត្តឱ្យប្អូនៗនិស្សិតបញ្ចេញសមត្ថភាព និងគំនិតច្នៃប្រឌិត លើការធ្វើគម្រោងប្រកួតប្រជែងនេះ។

លោកស្រីអភិបាលរង ក៏បានធ្វើបទបង្ហាញដោយសង្ខេប ពីស្ថានភាពទូទៅរបស់ក្រុងអរិយក្សត្រផងដែរ។
លើសពីនេះទៀតសោត លោកស្រីបានរំលឹកអង្គពិធីទាំងមូលថា ដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងចក្ខុវិស័យវែងឆ្ងាយ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ទើបប្រទេសយើងមានការអភិវឌ្ឍន៍យ៉ាងលឿន ឥតឈប់ឈរ និងមានសេរីភាពពេញលេញ ដែលកម្ពុជាមិនដែលមានជាង៥០០ឆ្នាំមកហើយ ដូចនេះយើងជាយុវជនបន្តវេនត្រូវប្តេជ្ញាអរគុណ និងដឹងគុណសន្តិភាព និង បន្តរក្សាការពារសន្តិភាពដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ ឱ្យខានតែបាន។

លោក លាង វាសនា អនុប្រធានទី១ និងជានាយកដឹកនាំកម្មវិធី បានធ្វើបទបង្ហាញអំពីដំណើរការ និងនិតីវិធី នៃកម្មវិធីពានរង្វាន់ស្ថាបត្យករវ័យក្មេងកម្ពុជា ឆ្នាំ២០២៣ ជូនដល់អង្គពិធីទាំងមូល ជាពិសេសដល់ប្អូនៗ និស្សិតដែលជាបេក្ខជនក្នុងកម្មវិធីប្រកួតនេះផងដែរ។

លោកបានបញ្ជាក់ថា កម្មវិធីពានរង្វាន់ស្ថាបត្យករវ័យក្មេងកម្ពុជា ឆ្នាំ២០២៣ មានរយៈពេល ៥ខែ ពីខែសីហា ដល់ខែធ្នូ ឆ្នាំ២០២៣ ដោយបានជ្រើសរើសទីតាំងសង្កាត់ចំនួន៣ ក្នុងក្រុងអរិយក្សត្រ នៃខេត្តកណ្តាល គឺសង្កាត់ស្វាយជ្រុំ សង្កាត់សារិកាកែវ និងសង្កាត់អរិយក្សត្រ ដើម្បីដាក់ជាវិញ្ញាសារសម្រាប់បេក្ខជនជានិស្សិតផ្នែកស្ថាបត្យកម្មដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងស្នាដៃតាមរយៈការចរនាប្លង់ស្ថាបត្យកម្ម និងនគរូបនីយកម្ម ក្រោមប្រធានបទ  «ទីក្រុងនៃក្តីស្រមៃនាពេលអនាគត»។

កម្មវិធីនេះមានគោលបំណងសំខាន់ចំនួន ៣ ដូចខាងក្រោម៖
១៖ បង្កើតឱកាសកាន់តែច្រើន សម្រាប់ស្ថាបត្យករវ័យក្មេងកម្ពុជា ដើម្បីបង្ហាញសក្តានុពលរបស់ពួកគេ តាមរយៈកម្មវិធីពានរង្វាន់ស្ថាបត្យករវ័យក្មេងកម្ពុជា នៅឆ្នាំ ២០២៣។

២៖ លើកកម្ពស់ការយល់ដឹងអំពីតួនាទីសំខាន់ៗរបស់ស្ថាបត្យករក្នុងប្រវត្តិសាស្រ្ត និងទំនើបកម្មក្នុងសង្គមកម្ពុជា។

៣៖ ពង្រឹងភាពជាដៃគូសាធារណៈ និងឯកជន ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងវិស័យស្ថាបត្យកម្ម នគរូបនីយកម្ម និងឧស្សាហកម្មសំណង់នៅកម្ពុជា។

លោក សោម វុទ្ធី អនុប្រធានទី២ សមាគម ស.វ.ស.ស.ក និងជាប្រធានគណៈកម្មការដាក់ពិន្ទុនៃកម្មវិធី ក៏បានធ្វើបទបង្ហាញអំពីនីតិវិធី លក្ខខណ្ឌ និងការកំណត់ចំណុចសំខាន់ៗសម្រាប់វាយតម្លៃនិងដាក់ពិន្ទុជូនប្អូនៗនិស្សិតជាបេក្ខជនចូលរួមប្រកួតតាមដំណាក់កាលនីមួយៗផងដែរ។
លោកបានបញ្ជាក់បន្ថែមថា កម្មវិធីប្រកួតនេះ មានបេក្ខជនចូលរួមចំនួន២០ក្រុម ដោយមានការប្រឡងជំរុះចំនួន ៣វគ្គ និងមានគណៈកម្មការដាក់ពិន្ទុ ចំនួន៥រូប មកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ១រូប គណៈស្ថាបត្យករកម្ពុជា ១រូប ក្រុមហ៊ុនវិនិយោគ ១រូប ក្រុមហ៊ុនជំនាញខាងស្ថាបត្យកម្ម១រូប និងសមាគម ស.វ.ស.ស.ក ១រូប ។ ដូចនេះលោកជឿជាក់ថា ការដាក់ពិន្ទុជូនប្អូនៗបេក្ខជនទាំង២០ក្រុម នឹងមានភាពសុក្រឹត្យ និងយុត្តិធម៌ ដោយគណកម្មការទាំង៥រូប មកពីស្ថាប័នផ្សេងៗគ្នា និងមានបទពិសោធន៍និងចំណេះដឹងជ្រៅជ្រះ៕