(ភ្នំពេញ)៖ ក្រុមហ៊ុន SCG ជាក្រុមហ៊ុនអន្តរជាតិដ៏ធំមួយ ក្នុងតំបន់អាស៊ាន បានបញ្ចេញរបាយការណ៍លទ្ធផលប្រតិបត្តិការរបស់ខ្លួន សម្រាប់ត្រីមាសទី២ និងសម្រាប់ឆមាសទី១ ក្នុងឆ្នាំ២០១៦ ដោយបង្ហាញពីកំណើនរឹងមាំ ដោយសារភាពរីកចម្រើន ក្នុងអាជីវកម្មសារធាតុគីមី ហើយតាមការព្យាករណ៍បានឲ្យដឹងថា ទីផ្សារក្នុងតំបន់អាស៊ានអាចនឹងរីកចម្រើខ្លាំង ដោយសារសក្តានុពលក្នុងវិស័យសំណង់ សម្ភារៈសំណង់ និងឧស្សាហកម្មវេចខ្ចប់ ព្រោះតំបន់នេះបាននឹងកំពុងក្លាយជា មូលដ្ឋានផលិតកម្ម និងមូលដ្ឋាននាំចេញដ៏ធំមួយ របស់ពិភពលោក ។
សម្រាប់កម្ពុជា ផ្អែកតាមរបាយការណ៍ឆមាសទីពីរ ក្នុងឆ្នាំ២០១៦ ក្រុមហ៊ុនមានទ្រព្យសកម្ម សរុបជាទឹកប្រាក់ ១,៣៤៦ ពាន់លានរៀល (៣២៩ លានដុល្លារ) កើនឡើង១៥% បើធៀបនឹងឆ្នាំមុន ។ របាយការណ៍ក្រុមហ៊ុនបង្ហាញថា ប្រាក់ចំណូលពីការលក់សម្រាប់ត្រីមាសទីពីរ ឆ្នាំ២០១៦ មានទំហំទឹកប្រាក់ស្មើនឹង ១៩៥ ពាន់លានរៀល (៤៩ លានដុល្លារ) កើនឡើង៤៥% បើធៀបនឹងឆ្នាំមុន ដែលកំណើននេះទទួលបានពីភាពរីកចម្រើន នៃអាជីវកម្មសម្ភារៈសំណង់របស់ក្រុមហ៊ុននៅកម្ពុជា។ សម្រាប់ឆមាសទី១ទាំងមូល ប្រាក់ចំណូលពីការលក់សរុប គឺមានទំហំទឹកប្រាក់ ៣៩០ ពាន់លានរៀល (៩៧ លានដុល្លារ)។
សម្រាប់វឌ្ឍនភាពថ្មីៗមួយចំនួនអំពីក្រុមហ៊ុន នៅកម្ពុជា ស៊ីម៉ង់ត៍ដំរី បានប្រែក្លាយម៉ាកយីហោជាស៊ីម៉ង់ SCG ស្របតាមយុទ្ធសាស្ត្រកែលម្អម៉ាកយីហោរបស់ក្រុមហ៊ុន នៅក្នុងទីផ្សារអាស៊ាន និងដើម្បីផ្ដល់ជូនអតិថិជននូវផលិតផលដែលមានគុណភាពកាន់តែប្រសើរ ក្រោមម៉ាកយីហោតែមួយគឺ SCG ដោយគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន SCG នៅទូទាំងពិភពលោក មានទំហំជាទឹកប្រាក់ស្មើនឹង ៦០,៨១៨ ពាន់លានរៀន (១៤,៨៦១ លានដុល្លារ) ខណៈដែលទ្រព្យសកម្មរបស់ SCG ក្នុងតំបន់អាស៊ាន (មិនរាប់បញ្ចូលប្រទេសថៃ) មានទំហំទឹកប្រាក់ស្មើនឹង ១៤,១៨០ ពាន់លានរៀល (៣,៤៦៥ លានដុល្លារអាមេរិក) ដែលស្មើនឹង ២៣% នៃទ្រព្យសម្បត្តិរួមសរុបរបស់ SCG ទាំងមូល។
លោក Roongrote Rangsiyopash ប្រធាន និងអគ្គនាយកក្រុមហ៊ុន SCG បានបង្ហាញលទ្ធផលប្រតិបត្តិការរួមរបស់ខ្លួនសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៦ (ទិន្នន័យមុនធ្វើសវនកម្ម) ដែលក្នុងនោះប្រាក់ចំណូលពីការលក់ដែលបានចុះបញ្ជីរួច មានទំហំទឹកប្រាក់ ១២,៣៧២ ពាន់លានរៀល (ឬ ៣,០៨៦ លានដុល្លារអាមេរិក)។ ចំណែក ប្រាក់ចំណេញក្នុងត្រីមាសទីពីរនេះ បានកើនឡើងដល់១,៨២១ ពាន់លានរៀល (ឬ ៤៥៤ លានដុល្លារអាមេរិក) ពោលគឺកើនឡើង ១៥% បើធៀបនឹងឆ្នាំមុន ដោយសារតែភាពរីកចំរើនឡើងក្នុងអាជីវកម្មវេចខ្ចប់ និងសារធាតុគីមីរបស់ក្រុមហ៊ុន ។
លោកបានថ្លែងថា «យើងមើលឃើញអនាគតត្រចះត្រចង់ សម្រាប់ទីផ្សារទូទាំងតំបន់ តាមរយៈអត្រាកំណើនជាលំដាប់ ហើយកម្ពុជាក៏បន្តមើលឃើញពីកំណើន ជាលំដាប់សម្រាប់ឧស្សាហកម្មរបស់ខ្លួនផងដែរ ។ ចំណែកឯប្រទេសឥណ្ឌូនេស៊ីវិញ ក៏បានចាប់ផ្ដើមមើលឃើញ ពីភាពល្អប្រសើរឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួន ដោយមានការសាងសង់ គម្រោងធំៗជាច្រើនរបស់រដ្ឋាភិបាល ។ ជាមួយគ្នានេះដែរ ពាណិជ្ជកម្មតាមតំបន់ព្រំដែនរបស់ប្រទេសថៃ និងប្រទេសជិតខាងក៏មានភាពល្អប្រសើរថែមទៀតផង»។
លោកបន្តថា «ការវិនិយោគនៅក្នុងប្រទេសផ្សេងទៀតកំពុងមាន វឌ្ឍនភាពទៅតាមផែនការ ។ រោងចក្រស៊ីម៉ង់ត៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានរំពឹងថា នឹងចាប់ផ្ដើមប្រតិបត្តិការ ពាណិជ្ជកម្មនៅក្នុងត្រីមាសទី៣ ក្នុងឆ្នាំ២០១៦នេះ ចំណែកឯរោងចក្រនៅក្នុងប្រទេសឡាវ កំពុងតែសាងសង់ ក្នុងល្បឿនយ៉ាងលឿនជាងការរំពឹងទុក ហើយអាចនឹងចាប់ផ្ដើមប្រតិបត្តិការនៅដើមឆ្នាំ ២០១៧ ពិសេសក្រុមហ៊ុនអេសស៊ីជី នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន ដោយផ្ដោតលើដៃគូពាណិជ្ជកម្មដែលមានស្រាប់ និងរួមគ្នារីកចំរើនទាំងអស់គ្នា»៕