(ភ្នំពេញ)៖ ប្រជាពលជនមានជំងឺភ្នែកឡើងបាយ មកពីខេត្តកំពង់ធំ ចំនួន២៨០នាក់ បានទទួលការពិនិត្យ និងព្យាបាលឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យមនុស្សធម៌ មកពីប្រទេសអូស្ត្រាលី ក្រោមការជួយឧបត្ថម្ភ និងទំនុបបម្រុងដូចជាការធ្វើដំណើរការស្នាក់នៅ និងការហូបចុកពីសំណាក់ លោកស្រីបណ្ឌិតជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។
សកម្មភាពមនុស្សធម៌នេះ បានរៀបចំធ្វើការពិនិត្យ និងព្យាបាលជូនប្រជាជន មានរយ:ពេល៣ថ្ងៃចាប់ពីទី៥ ខែសីហា ឆ្នាំ២០២៣តទៅ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដោយមានការដឹកនាំដោយផ្ទាល់ពីលោកស្រីបណ្ឌិត ជា សិរី ។
កម្មវិធីពិនិត្យ និងព្យាបាលភ្នែកឡើងបាយ ជូនប្រជាជនមានជំងឺភ្នែកទាំង២៨០នាក់ មានការចូលរួមពី ក្រុមយុវជនស្ម័គ្រចិត្ត នៃធនាគារជាតិនៃកម្ពុជា ដោយមានកិច្ចសហការ ជាមួយក្រុមគ្រូពេទ្យមនុស្សធម៌ មកពីប្រទេសអូស្ត្រាលី តាមរយៈអង្គការ AHHA (Australian Health Humanitarian Aid) មូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) និងមូលនិធិរក្សាកុមារ (Raksa Koma Foundation)។
សូមជម្រាបថា ប្រជាជនមានជំងឺភ្នែកឡើងបាយទាំង២៨០នាក់ មកពីខេត្តកំពង់ធំ ទទួលការពិនិត្យពេលនេះ បន្ទាប់ពីទទួលបានវិនិច្ឆ័យកាលពីអំឡុងនៃពិនិត្យនៅស្រុកស្ទោង ខេត្តកំពង់ធំ កាលថ្ងៃទី១៦ និងថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២៣។
ការពិនិត្យ និងព្យាបាលភ្នែកឡើងបាយ ដោយឥតគិតថ្លៃជូនប្រជាជន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតលើកនេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។
នៅក្នុងសកម្មភាពពិនិត្យ និងព្យាបាលនេះក៏ទទួលបានការចុះពិនិត្យ និងការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់បំផុត ពីលោកស្រីបណ្ឌិត ជា សិរី ក្នុងនោះលោកស្រីបណ្ឌិតក៏បានតាមដាន និងសាកសួរសុខទុក្ខ ពីស្ថានភាពអ្នកជំងឺក្រោយទទួលបានការព្យាបាលរួច។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៦និងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ លោកស្រីបណ្ឌិត ជា សិរី ក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់មូលនិធិចក្ខុខ្មែរនេះ ជួយពិនិត្យ និងព្យាបាលភ្នែក ដោយឥតគិតថ្លៃជូនបុរជាជន ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ បានជាង២៣០០នាក់។
នៅក្នុងចំណោមប្រជាជនមានជំងឺភ្នែកជាង២៣០០នាក់ មានប្រជាជនចំនួន៥៤៣នាក់ តម្រូវឱ្យមានការពិនិត្យ និងព្យាបាលបន្តនៅទីក្រុងភ្នំពេញ៕