(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប៉ា សុជាតិវង្ស បានអះអាងថា ដោយកម្ពុជារក្សាបាននូវសុខសន្តិភាព ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រជាជនមានឱកាសប្រកបអាជីវកម្ម និងគោរពសាសនា ដោយសុខដុមនីយកម្ម។
ក្នុងរយៈពេលថ្មីកន្លងទៅនេះ កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តរបស់ខ្លួន នីតិកាលទី៧ ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រពីម្ចាស់ឆ្នោត ដោយឈ្នះការបោះឆ្នោតនេះភ្លូកទឹកភ្លូកដី ធ្វើឲ្យកម្ពុជាបន្តរក្សាបាននូវសុខសន្តិភាពពេញលេញ បន្តការដឹកនាំឈានឆ្ពោះទៅរកការរីកចម្រើនជាបន្តបន្ទាប់យ៉ាងឆាប់រហ័សថែមទៀត។
ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា ដល់វត្តចំនួន២៤ ក្នុងខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តនិរោធរង្ស៉ី ក្នុងខណ្ឌច្បារអំពៅ។ ក្នុងនោះក៏មានការចូលរួមពី លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បាអំពៅ និងលោកស្រី ព្រមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា ការទៅបោះឆ្នោតកន្លងមកនេះ ពិតជាមានន័យណាស់ ដែលពលរដ្ឋម្នាក់ៗបានបំពេញសិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្តឲ្យបន្តដឹកនាំប្រទេស ថែរក្សាសន្តិភាព ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងសង្គម។ ជាពិសេសការពារឲ្យបានកាន់តែល្អប្រសើរនូវវិស័យ ពុទ្ធសាសនា ដែលជាសានារបស់រដ្ឋ។ មិនតែប៉ុណ្ណោះការបោះឆ្នោត បានបង្ហាញកាន់តែច្បាស់ថែមទៀត នូវភាពចាស់ទុំខាងនយោបាយរបស់កម្ពុជា បង្ហាញនូវទឹកចិត្តស្រលាញ់ជាតិមាតុភូមិដ៏ជ្រៀលជ្រៅរបស់ប្រជាជនកម្ពុជា នៅក្នុងរយៈពេលកន្លងមកនេះ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា បន្ទាប់ពីជ័យជម្នះនេះ ផ្លូវដើររបស់យើងនៅវែងឆ្ងាយបន្តទៀត ហើយនៅប៉ុន្មានថ្ងៃខាងមុខនេះ រដ្ឋសភានឹងធ្វើការចូលកាន់កន្លែង ចូលស្បថនៅក្នុងព្រះបរមរាជវាំង ក្រោយពីនោះរាជរដ្ឋាភិបាលថ្មីដែលបង្កើតឡើងដោយគណបក្សប្រជាជនកម្ពុជានឹងលេចរូបរាងឡើងបន្តដឹកនាំប្រទេសប្រទេសឈានឆ្ពោះទៅមុខ ដោយមានទិសដៅយ៉ាងច្បាស់លាស់ ដោយធានាការសន្តិភាពឱ្យបានរឹងមាំ នឹងមានការចូលរួមពីគ្រប់វិស័យ។
ទាក់ទិននឹងពិធីបុណ្យចូលកាន់ព្រះវស្សា លោកបានរំលឹកថា ជាពិធីបុណ្យតាមបែបព្រះពុទ្ធសាសនា ដោយប្រជាពុទ្ធបរិស័ទខ្មែរយើង ក៏ដូចជាទាំងថ្នាក់ដឹកនាំ តាមក្រសួង មន្ទីរ ស្ថាប័ននានា តែងតែរួមគ្នានាំយកនូវទៀនព្រះវស្សា ទេយ្យទាន សម្ភារៈប្រើប្រាស់ក៏ដូចជាគ្រឿងឧបភោគបរិភោគមួយចំនួន យកទៅប្រគេនព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងត្រីមាស តាមបណ្តាវត្តនីមួយៗទូទាំងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា សម្រាប់ពិធីប្រគេនទៀនចំណាំព្រះវស្សាល្ងាចនេះ លោក ប៉ា សុជាតិវង្ស និងលោកស្រី ព្រមទាំងរដ្ឋបាលខណ្ឌច្បារអំពៅ បានចូលរួមជាបច្ច័យ ដែលក្នុងនោះ ក្នុង១វត្តៗទទួលបាននូវទៀនព្រះវស្សា១គូរ ថវិកា ៨០ម៉ឺនរៀល អង្ករ១០០គីឡូក្រាម ទឹកសុទ្ធ៥០កេស ទឹកក្រូច ត្រីខកំប៉ុង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត៕