(ភ្នំពេញ)៖ លោក សាខុន ប៉ូរិន អគ្គលេខាធិការរង នៃសហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិតេយ្យកម្ពុជា «កែវភ្នែកយុត្តិធម៌» បានលើកឡើងថា ឆ្លងតាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ មានប្រជាពលរដ្ឋខ្មែរចំនួន ៨,២១៤,៤៣០នាក់ បាននាំគ្នាទៅបោះឆ្នោត ក្នុងចំណោមសំឡេងសន្លឹកឆ្នោតទាំងអស់ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេបង្អស់រហូតដល់ ៦,៣៩៨,៣១១សំឡេង សំឡេងនេះបានបង្ហាញថាប្រជាពលរដ្ឋស្រឡាញ់គោលនយោបាយរបស់គណបក្សប្រជាជន។

ការលើកឡើងបែបនេះរបស់លោក សាខុន ប៉ូរិន បានធ្វើឡើងនៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងឱកាសលោកបានអញ្ជើញរៀបចំធ្វើសន្និសីទសារព័ត៌មានស្ដីពីដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

លោក សាខុន ប៉ូរិន បានលើកឡើងយ៉ាងដូច្នេះថា៖ «សមិទ្ធផលកន្លងមកគឺគណបក្សប្រជាជនកម្ពុជា គាត់បានកសាងសមិទ្ធផលជាច្រើនរួចមកហើយ ដូច្នេះនៅថ្ងៃទី២៣ ខែកក្កដា កន្លងទៅការសម្រេចចិត្ត និងឆន្ទៈរបស់ប្រជាពលរដ្ឋ គឺគាត់បានជ្រើសរើសយកគណបក្សប្រជាជនកម្ពុជា ដែលទទួលបានអាសនៈរហូត ១២០កៅអី នេះគឺជាការមើលឃើញ និងវាយតម្លៃរបស់ប្រជាពលរដ្ឋដែលស្រឡាញ់ ពេញចិត្តលើគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា»។

លោកបានបញ្ជាក់ថា សហព័ន្ធនិស្សិត បញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា ក៏វាយតម្លៃបានថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ គឺបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងគោលការណ៍ច្បាប់ ក្រោមបរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់ល្អប្រសើរ។ ខណៈការឃោសនារកសំឡេងឆ្នោត ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត គឺបានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សាគ្មានការបំភិតបំភ័យ និងការគំរាមកំហែង។ គ្រប់ដំណើរការទាំងអស់ គឺបានប្រព្រឹត្តទៅដោយមានការចូលរួមពីភ្នាក់ងាររបស់គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងភ្នាក់ងារសារព័ត៌មានជាតិ-អន្តរជាតិជាច្រើន។

សហព័ន្ធនិស្សិត បញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា បានបន្ថែមថា ទាំងនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញពីតម្លាភាព ភាពត្រឹមត្រូវ និងបើកចំហរនៃដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ចំណែកប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ក្នុងអត្រា ៨៤,៥៩% ដែលជាអត្រាមួយខ្ពស់ជាងគេ បើប្រៀបធៀបទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលកន្លងមក។ ការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋ គឺស្ថិតក្នុងបរិយាកាសរីករាយប្រកបដោយសណ្តាប់ធ្នាប់ និងការគោរពគ្នាទៅវិញទៅមក ដែលនេះគឺបានបង្ហាញឱ្យឃើញច្បាស់ពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយដែលប្រជាពលរដ្ឋមានភាពចាស់ទុំខាងនយោបាយ។

សូមជម្រាបថា តាមតារាងលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណតទី៧ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បានបង្ហាញឱ្យដឹងថា ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ មានប្រជាពលរដ្ឋខ្មែរចំនួន ៨,២១៤,៤៣០នាក់ បាននាំគ្នាទៅបោះឆ្នោត នៅក្នុងនោះ មានសំឡេងបានការចំនួន ៧,៧៧៤,២៧៦សំឡេង និងសំឡេងមិនបានការសរុបចំនួន ៤៤០,១៥៤សំឡេង។

ក្នុងចំណោមសំឡេងសន្លឹកឆ្នោតទាំងអស់ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេបង្អស់រហូតដល់ ៦,៣៩៨,៣១១សំឡេង, គណបក្សហ្វ៊ុនសិនប៉ិចឈរនៅលំដាប់ទី២ ដោយទទួលបានសំឡេងគាំទ្រ ៧១៦ ៤៩០ សំឡេង, គណបក្សខ្មែររួបរួមជាតិទទួលបាន ១៣៤,២៨៥សំឡេង, គណបក្សយុវជនកម្ពុជាទទួលបាន ៩៧,៤១២សំឡេង, គណបក្សធម្មាធិបតេយ្យទទួលបាន ៨៤,០៣០សំឡេង ហើយគណបក្សក្រៅពីនោះទទួលបានសំឡេង បន្តិចបន្តួច។

សូមបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលធ្វើឡើងកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ សេរី និងយុត្តិធម៌ ដោយមានប្រជាពលរដ្ឋប្រមាណ ៨៤.៥៩ភាគរយក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីជាង៩លាននាក់ បានអញ្ជើញទៅបោះឆ្នោត។

ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាលើកនេះ ជាការបោះឆ្នោតមួយដែលមានអត្រាអ្នកទៅបោះឆ្នោត និងអ្នកសង្កេតការបោះឆ្នោតជាតិ និងអន្តរជាតិច្រើនជាងគេបង្អស់ ក្នុងប្រវត្តិសាស្រ្តនៃការបោះឆ្នោតនៅកម្ពុជា៕