(ភ្នំពេញ)៖ នៅក្នុងថ្នាក់សិក្សាអំពីរបៀបសរសេរព័តមានសម្រាប់ទូរទស្សន៍ និងវិទ្យុ របស់ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ចុងសប្ដាហ៍នេះ លោក ម៉ារ យ៉ារិទ្ធ ប្រធាន FTC បានបង្ហាញពីគន្លឹះសំខាន់៨ចំណុច ដែលជួយដល់ការសរសេរព័ត៌មានឱ្យរលូន។
លោក ម៉ារ យ៉ារិទ្ធ បានបញ្ជាក់ថា ដើម្បីជួយអ្នកនូវរបៀបសរសេរឱ្យរលូន អ្នកត្រូវយល់នូវរបៀបដូចតទៅនេះ៖
* ទី១៖ សរសេរអ្វីដូចអ្នកនិយាយ៖ សរសេរតាមអ្វីដែលអ្នកបាននិយាយក្នុងរបៀបសន្ទនា ដូចជា អ្វីអ្នកកំពុងប្រាប់ទៅអ្នកណាម្នាក់។ ប្រយោគត្រូវខ្លី។ បើប្រយោគវែង ត្រូវរៀបចំវាឱ្យខ្លីងាយ ស្រួលស្តាប់។
* ទី២៖ រក្សាវាឱ្យសាមញ្ញ៖ បែងចែកប្រយោគមួយ ទៅគំនិតនីមួយៗ។ ត្រូវច្បាស់លាស់ និងសង្ខេប ប្រកាន់ភ្ជាប់នឹងសាច់រឿង។ ព័ត៌មានលម្អិតច្រើនពេកអាចក្លាយទៅជារឿងមិនពាក់ព័ន្ធ និងធ្វើឱ្យសាច់រឿងបាត់បង់ការផ្តោតអារម្មណ៍។ ចៀសវាងពាក្យច្រើនពិបាក បើសិនជាអាចសម្រាយឱ្យខ្លីងាយគេយល់បាន។
* ទី៣៖ ផ្តល់ភាពជាក់លាក់៖ ចៀសវាងការសរសេរទូលំទូលាយពេក ត្រូវផ្តល់ការសរសេរនូវគោលដៅបញ្ជាក់ច្បាស់លាស់។ សរសេរនូវរបៀប «វាយញាក់ចិញ្ចើម»។ នៅពេលពិពណ៌នាមនុស្ស សូមកុំដាក់លាបពណ៌ដាក់ពួកគេ ប៉ុន្តែប្រាប់ឱ្យច្បាស់ពីអ្វីដែលពួកគេធ្វើ។
* ទី៤៖ សរសេរប្រាប់រឿងតាមលំដាប់លំដោយ៖ ត្រូវប្រាកដថាខ្លឹមសារសរសេររបស់អ្នក ត្រូវមាន ការចាប់ផ្តើម, តួសេចក្តី និងចុងបញ្ចប់។ កុំសរសេរ Lead បង្កប់។
* ទី៥៖ ប្រើ Present Tense and Active Voice៖ អ្នកកំពុងសរសេរបង្ហាញនូវអ្វីដែលកំពុងកើតឡើង នាពេលនេះ។ ការសរសេរត្រូវបង្ហាញនូវអ្វីដែលទើបនឹងកើតភ្លាមៗ។ ដូច្នេះដើម្បីបញ្ជួនរឿង នេះទៅឱ្យទស្សនិកជន សូមប្រើ Active Voice នៅលទ្ធភាពដែលយើងអាចធ្វើទៅបាន។ ជាភាសាអង់គ្លេស សូមព្យាយាមប្រើប្រាស់របៀបប្រធានបទ, កិរិយាស័ព្ទ និងកម្មវត្ថុ។ "ប៉ូលីស (ប្រធានបទ) បានចាប់ខ្លួន (កិរិយាសព្ទ) សកម្មជន ២១ នាក់ (កម្មបទ) ក្នុងពេលពួកគេ បានធ្វើ បាតុកម្មនៅឧទ្យានជាតិ នារសៀលថ្ងៃសៅរ៍។
* ទី៦៖ សរសេរទៅរូបភាព៖ ទស្សនិកជនដែលមើលទូរទស្សន៍ និងតាមវីដេអូនឹងដឹងថាហេតុអ្វី បានជាមានអ្វីកើតឡើង។ ត្រូវសរសេរក្នុងលក្ខណៈរៀបរាបនូវអ្វីដែលមានក្នុងរូបភាពដែល យើងថតបាន។ កុំសរសេរអត្ថបទឱ្យវែងជាងរឿងឬរូបភាពដែលយើងមាន។
* ទី៧៖ សរសេរឱ្យគេស្រមៃឃើញរូបភាព៖ ការសរសេរតាមវិទ្យុ ត្រូវរៀបរាប់ឱ្យទស្សនិកជនស្តាប់ របស់យើងស្រមៃនូវរូបភាពកើតឡើងបើទោះបីគេមិនបានឃើញដោយផ្ទាល់។ ប្រើកិរិយាស័ព្ទ ពណ៌នាជាជាងប្រើគុណនាម។
* និងទី៨៖ ទុកឱ្យវាគ្មិននិយាយ៖ ប្រសិនបើអ្នកកំពុងរៀបចំកម្មវិធី ឬសម្ភាសន៍ ចូរធ្វើជាម្ចាស់ផ្ទះ៕