(ភ្នំពេញ)៖ លោក ង្វៀង ហ្វូចុង អគ្គលេខាធិការនៃគណបក្សកុម្មុយនីស្តបានអបអរសាទរយ៉ាងកក់ក្តៅចំពោះជ័យជំនះ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧នេះ ហើយអះអាងថា វៀតណាមគាំទ្រយ៉ាងមុតម៉ាំចំពោះ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មី ដឹកដោយដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត។

ការបញ្ជាក់ជំហររបស់ មេដឹកនាំកំពូលវៀតណាម បានធ្វើឡើងក្នុងជំនួបតាមប្រព័ន្ធវីដេអូជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បន្ទាប់ពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដោយក្នុងនោះគណបក្សប្រជាជនកម្ពុជា មានសំឡេងខ្ពស់ជាងគេទទួលបាន១២០អាសនៈ ដែលនឹងបន្តដឹកនាំរាជរដ្ឋាភិបាល សម្រាប់អាណត្តិថ្មី។

នៅក្នុងជំនួបនេះ លោក ង្វៀន ហ្វូ៊ចុង បានអបអរសារយ៉ាងកក់ក្តៅចំពោះជ័យជំនះដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣នេះ និងបានកោតសរសើរអំពីតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ​ ហ៊ុន សែន ជាមគ្គុទេសក៍ដ៏ឆ្នើម ដែលបង្ហាញពីការជឿជាក់ និងគាំទ្រដ៏ខ្លាំងរបស់ប្រជាជនកម្ពុជា ចំពោះគណបក្សប្រជាជនកម្ពុជា។

លោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហើយជឿជាក់ថា កម្ពុជានឹងបន្តទទួលបានជ័យជំនះថ្មីៗថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត។ លោកបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងនូវការកសាង និងអភិវឌ្ឍប្រទេសកម្បុជា ព្រមទាំងប្តេជ្ញារួមគ្នារក្សា ពូនជ្រុំ និងបន្តទំនាក់ទំនងដ៏ល្អប្រសើរ រវាងគណបក្ស និងរដ្ឋាភិបាលប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ង្វៀង ហ្វ៊ូចុង ដែលបានផ្ញើលិខិតអបអរសារទរ និងជូនពរតាមទូរស័ព្ទចំពោះសម្តេច និងគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជំនះ ក្នុងការបោះឆ្នោត ឆ្នាំ២០២៣នេះ ដែលជាសក្ខីភាព នៃសាមគ្គីភាព និងភារតភាពដ៏រឹងមាំ និងកិច្ចសហប្រតិប្តតិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ។

សម្តេចបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រជាជនវៀតណាមសម្រេចបានជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តវៀតណាម ដែលដឹកនាំដោយ លោកង្វៀន ហ្វូចុង ជាអគ្គលេខាធិការ បាននាំមកនូវការរីកចម្រើនឥតឈប់ឈរក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបានលើកកម្ពស់កិត្យានុភាព និងតួនាទីកាន់តែមានសារសំខាន់របស់វៀតណាម ក្នុងវេទិការតំបន់ និងអន្តរជាតិ។

សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអគ្គលេខាធិការ ដែលបានសម្តែងអំពីការជឿជាក់ និងគាំទ្រយ៉ាងមុតមាំរបស់វៀតណាម ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលុបពីប្រជាពលរដ្ឋកម្ពុជា។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្កាទាំងនៅក្នុងក្របខណ្ឌបក្ស និងរដ្ឋាភិបាល ទោះបីជាស្ថិតនៅក្នុងស្ថានការណ៍វិវឌ្ឍនៃពិភពលោក ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលមានលក្ខណៈកាន់តែស្រួចស្រាល មិនប្រាកដប្រជា ក៏ដូចជាទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង នៃជំងឺកូវីដ១៩ និងបានគូសបញ្ជាក់អំពីសារសំខាន់ នៃការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

ថ្នាក់ដឹកនាំទាងពីរ បានផ្តល់សារសំខាន់ចំពោះសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកជាប្រពៃណី ដែលជាកត្តាចាំបាច់បំផុត ក្នុងបុព្វហេតុ នៃការបង្រួ​បបង្រួមជាតិ និងឯកភាពទឹកដី និងការរំដោះប្រជាជន ព្រមទាំងការកសាង និងអភិវដ្ឍប្រទេសទាំងពីរ។ ទន្ទឹមនេះដែរ ថ្នាក់ដឹកនាំទាំងពីរ ក៏បានសង្គត់ធ្ងន់លើសារប្រយោជន៍ ក្នុងការបណ្តុះបណ្តាលយុវជនបន្តវេន ដើម្បីរៀនសូត្រ និងដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេសការបញ្ជ្រាបការយល់ដឹងអំពីសច្ចភាព ប្រវត្តិសាស្ត្រ ដែលនឹងរួមចំណែកដល់ការបន្តពូនជ្រុំទំនាក់ទំនងមិត្តភាព និងសាមគ្គភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌពហុភាគី រួមមាន អ.ស.ប និងអាស៊ាន ព្រមទាំងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជិតស្និតជាមួយគ្នានៅក្នុងក្របខណ្ឌអនុតំបន់ ជាពិសេសក្របខណ្ឌ៣ប្រទេស កម្ពុជា-វៀតណាម-ឡាវ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភលោក។

នៅចុងបញ្ចប់នៃជំនួបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញ លោក ង្វៀន ហ៊្វូចុង មកបំពេញទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសមស្រប។ ចំណែកលោកង្វៀង ហ្វ៊ូចុង ក៏បានអញ្ជើញសម្តេចតេជោ និងថ្នាក់ដឹកនាំកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមតាមពេលវេលាសមស្របផងដែរ៕