(កំពង់ស្ពឹ)៖ លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងជាអភិបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់កម្មករ កម្មការិនី ចំនួន៧៦នាក់ ដែលរងគ្រោះធ្ងន់ស្រាល ដែលជួបឧបទ្ទវហេតុក្រឡាប់ឡាន នៅចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោក វ៉ី សំណាង បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនកម្មករ កម្មការិនីដែលបានជួបគ្រោះថ្នាក់ជាយថាហេតុទាំងអស់ ហើយសម្តេចកិតិព្រឹទ្ធបណ្ឌិត ជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ពិសេសក្នុងជួបគ្រោះថ្នាក់ផ្សេងៗជាប្រចាំ។ ជាងនេះសម្តេចបានដាស់តឿនចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ដោយមិនប្រកាន់និន្នាយនិន្នាការនយោបាយអ្វីឡើយ។

កម្មករ កម្មការិនីរងរបួស ទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងទទួលបានការសម្រាកព្យាបាលដោយមិនអស់ប្រាក់ ដោយ ប.ស.ស ជាអ្នកចេញថ្លៃព្យាបាលទាំងអស់។ ក្នុងនោះ ចំពោះកម្មករ-កម្មការិនី ដែលរងរបួសធ្ងន់ម្នាក់ទទួលបាន ឃីត១កញ្ចប់ (សារុង ក្រមា មុង ភួយ) និងថវិកា១០ម៉ឺនរៀល ខណៈអ្នករបួសស្រាល ទទួលបានឃីត១កញ្ចប់ (សារុង ក្រមា មុង ភួយ) និងថវិកា៥ម៉ឺនរៀល។

សូមជម្រាបថា រថយន្ដដឹកកម្មករមួយគ្រឿងក្រឡាប់ធ្លាក់ផ្លូវ នៅព្រឹកព្រលឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យមនុស្សជាង៦០នាក់រងរបួស។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រថយន្ដដឹកកម្មករនេះ អ្នកបើកបរឈ្មោះ គា ទីណា អាយុ២៤ឆ្នាំ រស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ (រត់គេចខ្លួន)។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ដនេះដឹកកម្មករ-កម្មការិនី សរុបប្រហែលជាង៧០នាក់ បើកបរទិសដៅពីជើងទៅត្បូង ដល់ចំណុចផ្លូវកោងកើតហេតុខាងលើ បានបត់ទៅកើតបណ្ដាលឲ្យរេចង្កូតក្រឡាប់ធ្លាក់បឹងស្រែ។ ករណីនេះ បណ្តាលឲ្យរងរបួសមនុស្សប្រមាណជាង៦០នាក់ ស្រី៥៤នាក់នាក់ ក្នុងនោះរបួសធ្ងន់១០នាក់ និងរបួសស្រាល៥០នាក់ ហើយបានកំពុងបញ្ជូនទៅនៅមន្ទីរពេទ្យដែលនៅជិតកន្លែងកើតហេតុដើម្បីសង្គ្រោះបន្ទាន់៕