(ភ្នំពេញ)៖ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ រោងចក្របានក្លាយជា ទិដ្ឋភាពធម្មតាទៅហើយ រាប់បញ្ចូលទាំងកំណាត់ផ្លូវ នៅក្នុងខេត្តកំពង់ស្ពឺផង ហើយចំនួនរោងចក្រនៅក្នុងខេត្តនេះ ហាក់កើនឡើងជាលំដាប់ ដោយសារតែកត្តាផ្សេងៗ ។
រោងចក្រហ៊ីរ៉ូតាកម្ពុជា ដែលបានបើកទ្វារ នៅក្នុងខេត្តកំពង់ស្ពឺនៅក្នុងឆ្នាំ ២០១៤ ហើយបច្ចុប្បន្នមានកម្មករ បម្រើការងារប្រមាណ ១៥០០ នាក់នោះ បានពន្យល់អំពីមូលហេតុ ដែលខ្លួនមក បើកដំណើរការអាជីវកម្ម នៅក្នុងខេត្តមួយនេះ ឲ្យដឹងថា កំពង់ស្ពឺគឺជាទីតាំងល្អសម្រាប់ការបើកអាជីវកម្ម ដោយសារតែខេត្តនេះ ស្ថិតនៅជិតរាជធានីភ្នំពេញ ក៏ដូចជាស្ថិតនៅតាមដងផ្លូវ ទៅកាន់កំពង់ផែនៅសមុទ្រ។ ម្យ៉ាងវិញទៀត ការផ្គត់ផ្គង់កម្លាំងពលកម្មរបស់ខេត្ត ក៏មានច្រើនគ្រប់គ្រាន់ ។
លោក យ៉ាង ជិនហ្វាង អគ្គនាយកក្រុមហ៊ុន ហ៊ីរ៉ូតា កម្ពុជា បានលើកឡើងថា «ខាងរោងចក្ររបស់យើង សម្រេចចិត្តមកបើកនៅកំពង់ស្ពឺ ពីព្រោះ គម្លាតពីភ្នំពេញគឺមានចម្ងាយជិត ទីពីរ ចំពោះការទំនាក់ទំនងគ្រប់ផ្នែក គឺងាយស្រួល ទីបី គឺដោយសារតែងាយស្រួលរកកម្មករមកបម្រើការងារ»។
មន្ត្រីខេត្តកំពង់ស្ពឺបានឲ្យដឹងថា ក្នុងរយៈកាលប៉ុន្មានឆ្នាំនេះ ខេត្តកំពង់ស្ពឺបានមើលឃើញ ពីការកើនឡើងនូវចំនួនរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ខណៈដែលហេដ្ឋារចនាសម្ព័ន្ធកាន់ តែមានការអភិវឌ្ឍន៍ ហើយបច្ចុប្បន្ន បើនិយាយពីចំនួនរោងចក្រវិញ កំពង់ស្ពឺស្ថិតនៅក្នុងលំដាប់លេខបី បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយរោងចក្រកាត់ដេរដំបូង ដែលបើកទ្វារនៅខេត្តកំពង់ស្ពឺគឺនៅក្នុងឆ្នាំ ១៩៩៩ ហើយសព្វថ្ងៃមានរោងចក្រប្រមាណជា ៨០ ដែលកំពុងតែផ្ដល់ការងារដល់កម្មករប្រមាណជាង ៨៦៧០០ នាក់ គឺប្រមាណជាង ១០ ភាគរយនៃចំនួនកម្មករដែលបម្រើការងារក្នុងវិស័យនេះ។
លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានឲ្យដឹងថា «សម្រាប់កម្លាំងពលកម្មរបស់ខេត្តយើង បច្ចុប្បន្ន យើងពិនិត្យឃើញថា រោងចក្រសហគ្រាសមួយចំនួនធំ នៅតែបន្តរើសកម្មករ ហើយយើងសង្កេតឃើញថា កម្មករ បងប្អូនប្រជាពលរដ្ឋ គាត់ទៅដាក់ពាក្យទៅធ្វើការច្រើន គឺកម្លាំងពលកម្ម ខេត្តមិនខ្វះទេ គឺគ្រប់គ្រាន់ ។ ប៉ុន្តែ គាត់នៅខ្វះជំនាញ ជាក់លាក់មុននឹង គាត់ចូលធ្វើការ គាត់ទៅធ្វើការ គាត់ទៅដាក់ពាក្យ តែគាត់អត់ទាន់មានជំនាញអ្វីមួយនៅក្នុងខ្លួនទេ គឺគាត់ដាក់ពាក្យឲ្យបានការងារធ្វើជាមុនសិន» ។
បើយោងតាមលោក ចឹក បូរិន សម្រាប់ឆ្នាំ ២០១៥ វិស័យកាត់ដេរនេះបានផ្ដល់ប្រាក់ខែប្រមាណជាង ២០០លានដុល្លារ ដល់កម្មករនៅក្នុងខេត្តកំពង់ស្ពឺ ហើយវិស័យនេះបានជួយជំរុញខ្លាំង ដល់សេដ្ឋកិច្ចនៅក្នុងខេត្តកំពង់ស្ពឺ ។
លោបន្ដថា «តាមរយៈវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ស្បែកជើង ក៏ដូចជាវិស័យផ្សេងៗនេះគឺបានជួយដល់ខេត្តកំពង់ស្ពឺច្រើន ទីមួយ គឺតាមរយៈការផ្ដល់ការងារធ្វើ ជូនដល់ប្រជាពលរដ្ឋ ពីរ គឺផ្ដល់ប្រាក់ចំណូល ដើម្បីឲ្យបងប្អូនកម្មករប្រជាពលរដ្ឋរស់នៅមានជីវភាពសមរម្យប្រសើរជាងមុន បី គឺតាមរយៈប្រយោល មានន័យថា ប្រាក់ខែ ដែលបងប្អូនកម្មករបើកមក បើយើងគិតជាឆ្នាំ មួយឆ្នាំ ប្រមាណជាង ២០០លានដុល្លារ សម្រាប់ប្រាក់ខែបងប្អូនកម្មករបើកនៅក្នុងខេត្តកំពងស្ពឺ អ៊ីចឹង ថវិកាទាំងនោះគាត់បានដោយផ្ទាល់ផង បានដោយប្រយោលដល់អ្នកពាក់ព័ន្ធផង ទាំងអ្នកលក់ដូរ ទាំងអាជីវករ ហ្នឹងគឺបានទទួលទាំងអស់ពីវិស័យហ្នឹង» ។
គួរបញ្ជាក់ថា កំណើនចំនួនរោងចក្រ ការងារនិងប្រាក់ចំណូល ពីវិស័យកាត់ដេរ កំពុងតែកែប្រែមុខមាត់របស់ខេត្តកំពង់ស្ពឺ ដែលពីមុនធ្លាប់តែត្រូវបានគេចាត់ទុក ថាជាខេត្តក្រីក្រមួយ៕